កោះកុង៖ កំពង់ផែថ្មី លើទឹកដីខេត្តកោះកុង បានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែបនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងថា កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។
ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។
សូមជម្រាបថា បន្ថែមពីលើកំពង់ផែ ដែលបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ខេត្តកោះកុងនឹងទទួលបានសមិទ្ធផលធំៗជាចំណងដៃក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀតដូចជា ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ តភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១០ មានប្រវែងជាង ១៩៨ គីឡូម៉ែត្រ តភ្ជាប់ខេត្តកោះកុង ទៅកាន់ខេត្តពោធិ៍សាត់ និងបន្តដល់ខេត្តបាត់ដំបង៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា




