ក្រិក៖ មានជនជាតិប៉ាគីស្ថានយ៉ាងហោចណាស់ ២០៩ នាក់បាននៅលើទូកផ្ទុកលើសទម្ងន់ដែលបានក្រឡាប់លិច នៅក្នុងសមុទ្រដ៏ល្វឹងល្វើយរបស់ប្រទេសក្រិកកាលពីសប្តាហ៍មុន នេះបើយោងតាមទិន្នន័យដែលបានចែករំលែកជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី២២ មិថុនា ដោយទីភ្នាក់ងារស៊ើបអង្កេតប៉ាគីស្ថាន។

ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FIA) បាននិយាយថា តួលេខនៃមនុស្សចំនួន២០៩នាក់ នេះ គឺផ្អែកលើព័ត៌មានផ្តល់ដោយក្រុមគ្រួសារដែលនិយាយថា សាច់ញាតិរបស់ពួកគេបានឡើងទូកដែលធ្វើដំណើរពីប្រទេសលីប៊ីឆ្ពោះទៅប្រទេសក្រិក ហើយនៅតែបាត់ខ្លួននៅឡើយ។
ចំនួនអ្នកស្លាប់ជាផ្លូវការពីឧបទ្ទវហេតុនេះនៅតែមានចំនួន៨២នាក់ ហើយចំនួនអ្នកនៅរស់រានមានជីវិតមានចំនួន ១០៤ នាក់ ក្នុងនោះ១២ នាក់ជាជនជាតិប៉ាគីស្ថាន។
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថានប្រគល់ភារកិច្ចឲ្យដោះស្រាយការស៊ើបអង្កេតលើសោកនាដកម្មនេះ។

នាយកទីភ្នាក់ងារតំបន់អ៊ីស្លាម៉ាបាត លោក Rana Abdul Jabbar បានប្រាប់សារព័ត៌មាន Reutersថា ការស៊ើបអង្កេតដើម្បីផ្ទៀងផ្ទាត់រឿងនេះកំពុងដំណើរការ។
មនុស្សរាប់រយនាក់មកពីប្រទេសផ្សេងៗគ្នាត្រូវគេជឿថាបាននៅលើនាវានេះ ជាអ្វីដែលត្រូវបានគេមើលឃើញថាជាគ្រោះមហន្តរាយសមុទ្រដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំសម្រាប់តំបន់នេះ ។
ប្រទេសប៉ាគីស្ថានមិនទាន់បញ្ជាក់ជាផ្លូវការថាតើមានពលរដ្ឋរបស់ខ្លួនប៉ុន្មាននាក់នៅលើទូកនោះទេ ប៉ុន្តែបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកគំរូ DNA ដើម្បីជួយក្រិក កំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់៕