ខ្សែប្រយុទ្ធវ័យចំណាស់ Edin Dzeko បានឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅទឹកដីទួកគីចូលរួមជាមួយ Fenerbahce ហើយក្រោយខកបំណងជាមួយ Inter Milan ចាញ់ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។
កីឡាករវ័យ ៣៧ ឆ្នាំរូបនេះនឹងបន្តអាជីពរបស់ខ្លួនមួយរយៈទៀតក្រោយចុះហត្ថលេខា ២ ឆ្នាំជាមួយ Fenerbahce ដែលនឹងរក្សារូបគេលេងបាល់អាជីពដល់វ័យ ៣៩ ឆ្នាំ។
កិច្ចសន្យារបស់ Edin Dzeko នឹងអស់សុពលភាពជាមួយ Inter Milan នៅដំណាច់ខែមិថុនានេះ តែកីឡាករវ័យ ៣៧ ឆ្នាំរូបនេះសំរេចជ្រើសរើសការចាកចេញ បើទោះបី Inter Milan ផ្តល់កិច្ចសន្យា ១ឆ្នាំទៀតក៏ដោយ។
កីឡាករសញ្ជាតិបូស្នៀរូបនេះបានស៊ុតបញ្ចូលទី ១៤ គ្រាប់ បញ្ជូន ៥ ក្នុងរដូវកាល ២០២២-២៣ កន្លងទៅ។

រំលឹកថា Edin Dzeko បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិបក្នុងស្រុកនៅឆ្នាំ ២០០៣ មុនពេលចាកចេញនៅឆ្នាំ ២០០៧ ទៅក្របខណ្ឌ Bundesliga អាល្លឺម៉ង់ជាមួយ Wolfsburg។
ឆ្នាំ ២០១១ Dzeko បានផ្លាស់ទៅកាន់ Manchester City រហូតដល់ឆ្នាំ ២០១៦ បង្ហាញខ្លួនបាន ១៣០ ប្រកួតរកបាន ៥០ គ្រាប់ ជួយក្រុមឈ្នះជើងឯក Premier League ២ លើក FA Cup មួយលើក។
បន្ទាប់ពី Man City, Edin Dzeko បានផ្លាស់មកកាន់ទឹកដីអ៊ីតាលីជាមួយ AS Roma នៅឆ្នាំ ២០១៦ មុនពេលមកកាន់ Inter Milan នៅឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ
