ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា បច្ចុប្បន្ននេះ មន្រី្តជំនាញរបស់ក្រសួងកំពុងបន្តរកឃើញវត្ថុសិល្បៈក្នុងបាតសមុទ្រពីបណ្ដាខេត្តជាប់សមុទ្រមួយចំនួនក្នុងប្រទសកម្ពុជា នឹងបានយកមកសិក្សាស្រាវជ្រាវ ដើម្បីអភិរក្សទុកជាសម្បត្តិរបស់ជាតិ។
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានថ្លែងប្រាប់ទូរទស្សន៍ BTV ថា វត្ថុសិល្បៈក្រោមបាតសមុទ្រ ដែលរកឃើញចុងក្រោយនេះគឺទទួលបាននូវព័ត៌មាន និងកិច្ចសហការជាមួយនឹងកងទ័ពប្រចាំនៅតំបន់រាម ដោយបានរកឃើញ និងស្រង់ចេញពីសំពៅលិចក្រោមបាតសមុទ្រ ហើយបញ្ជូនអ្នកជំនាញទៅពិនិត្យ ដើម្បីយកមក រក្សាទុកនៅក្នុងសារមនី្ទរ។
ឯកឧត្តម បានឱ្យដឹងថា វត្ថុសិល្បៈដែលរកឃើញនៅក្នុងសំពៅដែលលិចនៅបាតសមុទ្រនៃខេត្តកោះកុងនោះ មន្រី្តជំនាញបានទទួលព័ត៌មានតាំងពីឆ្នាំ ២០០៦ មក ដូច្នេះមន្រី្តក៏បានស្រង់យកវត្ថុសិល្បៈទាំងនោះមកលើគោក ដើម្បីយកមករក្សាទុកនៅក្នុងឃ្លាំងមួយនៃខេត្តកោះកុង ដែលបច្ចុប្បន្នជាមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏បានរៀបចំជាសាលពិព័រណ៍ ដើម្បីអភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។
លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ ដែលមានជំនាញក្នុងការសិក្សាវិភាគ និងការជួសជុល បានប្តេជ្ញា ខិតខំការងារជួសជុល និងអភិរក្សសមុច្ច័យបុរាណវិទ្យា ដើម្បីអភិរក្សបន្ត។ លោកបន្តថា នឹងបន្តប្រឹងប្រែងបង្ហាត់បង្រៀនដល់សិស្ស-និស្សិតជំនាន់ក្រោយពីជំនាញបុរាណវិទ្យានេះដែល ធនធានសំខាន់សម្រាប់ការងារប្រទេសជាតិ៕អត្ថបទ រដ្ឋា











