អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយការពារការហៅប្រធានាធិបតីចិន លោក Xi Jinping ថា ជា «ជនផ្តាច់ការ» ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរបស់មេដឹកនាំកំពូលទាំង២ បានសាទរចំពោះការរីកចម្រើនតិចតួច នៅក្នុងការបន្ធូរបន្ថយភាពតានតឹង។
អំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមិថុនា) លោក Biden បាននិយាយថា សេចក្តីថ្លែងការណ៍ត្រង់ៗរបស់លោកពាក់ព័ន្ធនឹងប្រទេសចិន គឺមិនមែនជាអ្វី ដែលលោកនឹងផ្លាស់ប្តូរច្រើននោះទេ។

លោក Biden បានថ្លែងថា៖ «ខ្ញុំរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី Xi នៅពេលណាមួយ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ ហើយខ្ញុំមិនគិតថា វាមានផលវិបាកពិតប្រាកដនោះទេ»។
ពាក្យថា «ជនផ្តាច់ការ» ត្រូវបានគេរាយការណ៍ថា បានលេចឡើងនៅឯយុទ្ធនាការរៃអង្គាសប្រាក់ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នៅដើមសប្តាហ៍នោះ ដោយនៅក្នុងកម្មវិធីនោះ លោក Biden បានពណ៌នាមេដឹកនាំចិនថា មិនបានដឹងនោះទេនូវព័ត៌មានពីកើតហេតុការណ៍ ដែលពាក់ព័ន្ធនឹងបាឡុងចារកម្មចិន ដែលហោះនៅលើទឹកដីអាមេរិក។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ចប់ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដោយក្លាយជាមន្ត្រីជាន់ខ្ពស់បំផុត ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។
កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) ស្ថានទូតចិន ប្រចាំនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ថានទូតបានចេញការតវ៉ាជាផ្លូវការប្រឆាំងនឹងការលើកឡើងរបស់លោក Biden។
ស្ថានទូតបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាមួយនឹងសុន្ទរកថាដែលមិនទទួលខុសត្រូវចុងក្រោយបង្អស់ពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយរបស់ប្រទេសចិន និងមេដឹកនាំកំពូលរបស់ប្រទេស ប្រជាជនចិន មិនអាចជួយអ្វីបាន ក្រៅពីចោទសួរពីភាពស្មោះត្រង់របស់ភាគីអាមេរិក។ រដ្ឋាភិបាល និងប្រជាជនចិនមិនទទួលយកបាននោះឡើយនូវការបង្ករឿងខាងនយោបាយណាមួយ ប្រឆាំងនឹងមេដឹកនាំកំពូលរបស់ប្រទេសចិន ហើយនឹងឆ្លើយតបយ៉ាងដាច់អហង្ការ»៕