ភ្នំពេញ៖ Kunming Railway Vocational And Technical College ជាគ្រឹះស្ថានឧត្តមសិក្សាលើជំនាញ រថភ្លើង របស់ប្រទេសចិន បានបើកឱកាសឱ្យនិស្សិតមកពីបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ អាចចូលសិក្សានៅសាលារបស់ខ្លួន។ ជាក់ស្ដែងកំឡុងពេលនេះ គឺមាននិស្សិតឡាវ ចំនួន ៤០រូប កំពុងសិក្សារួចមកហើយ។
ជាផ្នែកមួយក្នុងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ រវាងមហាអំណាចចិន និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ គឺមានការសាងសង់ផ្លូវរថភ្លើងតភ្ជាប់រវាងប្រទេស និងប្រទេស។ ជាក់ស្ដែងកំឡុងពេលនេះ គឺមានរថភ្លើងភ្ជាប់ពីខេត្ត យូណាន របស់ចិន ទៅកាន់ទីក្រុង វៀងចន្ទ របស់ប្រទេសឡាវ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអាចធ្វើដំណើរតាមរថភ្លើង ឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន។
ទន្ទឹមនឹងមានការតភ្ជាប់រថភ្លើង រវាងប្រទេស និងប្រទេសនេះ គ្រឹះស្ថានឧត្តមសិក្សា Kunming Railway Vocational And Technical College ដែលផ្ដល់ជំនាញលើបច្ចេកវិទ្យារថភ្លើង ក៏បានបើកឱកាសឱ្យនិស្សិតមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលសិក្សាផងដែរ។
លោក Zhang Xingtao ជានាយកផ្នែកផ្សព្វផ្សាយ នៃ Kunming Railway Vocational And Technical College បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកំឡុងពេលទស្សនកិច្ចថា សាលាក៏ស្វាគមបើកឱកាសឱ្យនិស្សិតមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលមកសិក្សាពីបច្ចេកវិទ្យារថភ្លើងផងដែរ។ លោកថា ការសិក្សាពីរថភ្លើង គឺសំខាន់ ព្រោះអនាគតវិស័យរថភ្លើង នឹងមានការរីកចំរើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទាមទារធនធានមនុស្សជាចាំបាច់។
បច្ចុប្បន្ននេះ សាលាក៏បាននឹងកំពុងផ្ដល់ការសិក្សាដល់ និស្សិតឡាវ ចំនួន ៤០រូបផងដែរ ដោយពួកគេគ្រោងបញ្ចប់ការសិក្សាឆាប់ៗខាងមុខ និងត្រៀមទៅធ្វើជាគ្រូបង្គោលនៅប្រទេសកំណើតរបស់ខ្លួនវិញ។ ក្នុងនោះក៏មាននិស្សិតប្រទេស ថៃ ត្រៀមចូលរៀនបន្ថែមផងដែរ។
Kunming Railway Vocational And Technical College ជាគ្រឹះស្ថានឧត្តមសិក្សា ដែលផ្ដល់ការអនុវត្តដោយផ្ទាល់ ក្រោយសិក្សាពីទ្រឹស្ដី។ គ្រឹះស្ថានសិក្សានេះ បច្ចុប្បន្នគឺមាន ដេប៉ាតឺម៉ង់ ចំនួន ៥ ក្នុងនោះរួមមាន ដេប៉ាតឺម៉ង់ Railway Rolling Stock ដេប៉ាតឺម៉ង់ Railway Electrical Engineering ដេប៉ាតឺម៉ង់ Railway Transport ដេប៉ាតឺម៉ង់ Electrical & Mechanical Engineering និងដេប៉ាតឺម៉ង់ Information and Communication Engineering។
ពាក់ព័ន្ធនឹងការសិក្សានេះ លោក Duan Yubo ជាប្រធាននាយកដ្ឋានកិច្ចការអប់រំ បានបញ្ជាក់ថា និស្សិតសិក្សាលើចំណុចជាច្រើន រាប់បញ្ចូលទាំងការគ្រប់គ្រងការមកដល់របស់រថភ្លើង ការចេញដំណើរ ការគ្រប់គ្រងទៅលើសញ្ញានានានៅពេលរថភ្លើងមានបញ្ហា ការបើកបររថភ្លើង ការជួសជុលថែទាំផ្លូវរថភ្លើង ការបញ្ចៀសគ្រោះថ្នាក់ និងកិច្ចការសំខាន់ជាច្រើនទៀត។
សម្រាប់និស្សិតឡាវ ឈ្មោះKham Phout Yaya Khouthy តំណាងឱ្យនិស្សិតរួមជាតិរបស់ខ្លួន លើកឡើងថា ពួកគេមកទីនេះ គឺដើម្បីសិក្សាពីបច្ចេកវិទ្យារថភ្លើង។ ពួកគេបានសិក្សាជាច្រើន ពីទ្រឹះស្ដី ការអនុវត្ត ពីសុវត្ថិភាពរថភ្លើង និងកិច្ចការសំខាន់ជាច្រើនទៀត។ សម្រាប់ការសិក្សានៅទីនេះគឺពួកគេសង្ឃឹមថា នឹងយកចំណេះដឹងដើម្បីទៅអភិវឌ្ឍន៍វិស័យរថភ្លើងនៅប្រទេសកំណើតឱ្យកាន់តែប្រសើរ៕អត្ថបទ៖ គឹមហុក