អ្នកវិទ្យាសាស្រ្ត និងជាអ្នកសារព័ត៌មានដែលបានមុជទៅកាន់បំណែកនាវា Titanic កាលពីរយៈពេល ២ទសវត្សរ៍មុន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រប់ដំណើរទាំងអស់ទៅកាន់ទីនោះ គួរតែបញ្ឈប់រហូតដល់មូលហេតុដែលធ្វើឲ្យខូចនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate Expeditions ត្រូវបានកំណត់ ។

លោកវេជ្ជបណ្ឌិត Michael Guillenគឺជាអតីតអ្នកនិពន្ធផ្នែកវិទ្យាសាស្រ្តរបស់ទូរទស្សន៍ ABC News ដែលបានជាប់ក្នុងស្លាបចក្រនាវា Titanic និងបានរស់រានពីដំណើរផ្សងព្រេងរបស់លោកកាលពីឆ្នាំ ២០០០ បានស្រក់ទឹកភ្នែក ពេលលោករៀបរាប់ពីអារម្មណ៍របស់លោកចុះទៅកាន់កន្លែង ដែលលោកចាត់ទុកថាជាកន្លែងពិសិដ្ឋ ។

លោក Guillen បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិល្អិតល្អន់ លើរឿងរ៉ាវដែលបានកើតឡើងចំពោះនាវាមុជទឹកទេសចរណ៍មួយគ្រឿង ដែលបានបាត់កាលពីថ្ងៃអាទិត្យ និងនាំឲ្យមានការរុករកឥតឈប់ឈរ ដើម្បីស្វែងរកអ្នកដំណើរ ៥រូបនៅក្នុងនាវា ។
លោក Guillen បន្តថា សំនួរពីសមត្ថភាពសមុទ្ររបស់នាវា គួរតែសួរ នៅពេលដែលនៅមានពេលវេលាគ្រប់គ្រាន់ ។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ រយៈពេលប៉ុន្មានម៉ោងក្រោយសេចក្តីអធិប្បាយរបស់លោក Guillen ក្រុមឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បានបញ្ជាក់ថា មនុស្ស ៥នាក់នៅលើនាវាមុជទឹកបាត់នោះ បានស្លាប់ក្នុងហេតុការណ៍ដ៏គ្រោះថ្នាក់ ធ្វើឲ្យបញ្ចប់ការរុករកនាវាទ្រង់ទ្រាយធំ ៕