តម្រូវការកំណែទម្រង់លើប្រព័ន្ធហិរញ្ញវត្ថុសកលលោក ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ស្ថិតនៅក្នុងចំណោមបញ្ហាស្នូល អំឡុងកិច្ចប្រជុំកំពូលកិច្ចព្រមព្រៀងហិរញ្ញវត្ថុសកលថ្មី ដែលបានចាប់ផ្តើមនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ ។

លោកស្រី Vanessa Nakate គឺជាសកម្មជនអាកាសធាតុ បានបើកកិច្ចប្រជុំកំពូលដោយមានការធ្វើពិធីស្មិងស្មាធិ៍ឧទ្ទិសដល់អ្នកដែលគ្មានជំនួយ គ្មានសេចក្តីសង្ឃឹម និងស្លាប់រួចទៅហើយ ដោយសារផលប៉ះពាល់ដ៏អាក្រក់បង្កឡើងពីវិបត្តិអាកាសធាតុ ។
លោកស្រី បានអំពាវនាវដល់ក្រុមមេដឹកនាំពិភពលោក រួមទាំងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman និងប្រេសិតពិសេសអាកាសធាតុសហរដ្ឋអាមេរិក លោក John Kerry ឲ្យឆ្លុះបញ្ចាំងពីផលប៉ះពាល់បណ្តាលមកពីការឡើងកម្តៅផែនដី ។

លោកស្រី Janet Yellen គឺជារដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកដែលប្រទេសរបស់លោកស្រីគឺជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ធនាគារពិភពលោក បាននិយាយថា ស្ថាប័នអភិវឌ្ឍន៍ពហុភាគី គួរតែមានប្រសិទ្ធិភាពជាងមុន នៅក្នុងវិធីដែលពួកគេប្រើប្រាស់មូលនិធិរបស់ពួកគេ មុនពេលដើមទុនជាច្រើន ត្រូវបានដាក់បន្ថែមទៀត ។
លោកស្រីបន្តថា ប្រទេសមិនអាចកាត់បន្ថយអត្រាក្រីក្រ ហើយនិងការវិនិយោគលើកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយនិរន្តរភាពបាននោះទេ បើសិនជាពួកគេនៅតែប្រឈមនឹងភាពភ័យខ្លាចឥតឈប់ឈរដោយសារតែបម្រែបម្រួលអាកាសធាតុ ការរីករាលដាលឆ្លងសកលវីរុស ឬជម្លោះនោះ ៕
