លោក Elsafi Mahdi ត្រូវបានបំបែកពីភរិយារបស់លោក និងកូនតូចៗ៣នាក់ទៀត កាលពីថ្ងៃទី ១ ខែមិថុនាកន្លងទៅ នៅជិតព្រំដែនស៊ូដង់ជាប់ជាមួយប្រទេសអេហ្ស៊ីប ។ លោកពុំដឹងនោះទេថាតើនៅពេលណាទើបលោកអាចជួបពួកគេទៀតបាន ។

ដូចគ្នានឹងគ្រួសារជាច្រើនទៀតដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅក្នុងដ្ឋធានី Khartoum លោក Mahdi ដែលជាគ្រូបង្រៀនបទភ្លេងដ៏លេចធ្លោកម្នាក់ បានចាកចេញពីផ្ទះរបស់លោកដោយគ្មានទិដ្ឋាការត្រូវការសម្រាប់ចូលប្រទេសអេហ្ស៊ីបនោះទេ ។
កូនប្រុសច្បងរបស់លោក ដែលមានអាយុ ១៩ឆ្នាំ និង ១៧ឆ្នាំ ត្រូវការធ្វើលិខិតឆ្លងដែនថ្មីរបស់ពួកគេ គឺជាការងារមួយដែលមិនអាចធ្វើបានតែម្តង ពេលដែលជម្លោះធ្វើឲ្យគាំងការិយាល័យរដ្ឋាភិបាលកណ្តាល ។

លោក Mahdi និងកូនប្រុសច្បងទាំង ២របស់លោក បានវិលត្រឡប់ទៅកាន់ទីក្រុង Port Sudan វិញ ដែលស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រក្រហម ខណៈដែលក្រុមគ្រួសារផ្សេងទៀត ធ្វើដំណើរទៅភាគខាងជើងឆ្ពោះទៅកាន់ទីក្រុងគែរ ។
លោក Mahdi ដែលគ្រួសាររបស់លោកសម្រេចចិត្តចាកចេញពីទីក្រុង Bahri ដែលជាផ្នែកមួយនៃរដ្ឋធានីធំរបស់ស៊ូដង់ ក្រោយឮសំឡេងវាយប្រហារតាមច្រកអាកាសពីផ្ទះរបស់ពួកគេ និយាយថា លោកស្និទ្ធស្នាលខ្លាំងណាស់នឹងកូនតូចៗរបស់លោក ពួកគេពុំអាចទទួលយកបានទេចំពោះរឿងមួយនេះ ។
លោកបន្តថា លោកបាននិយាយប្រាប់ពួកគេថា លោកនឹងបានទៅតាមពួកគេនៅរយៈពេល ២-៣ថ្ងៃទៀតនៅអេហ្ស៊ីប ប៉ុន្តែលោកដឹងច្បាស់ថា វាមិនមែនជាការងាយស្រួលនោះទេ ហើយវាត្រូវការចំណាយពេលយូរ ។
សូមបញ្ជាក់ថា មនុស្សជាង ២,៥លាននាក់ ត្រូវរងទុក្ខខ្លោចផ្សាដោយសារជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)ដែលបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាកន្លងទៅ ក្នុងនោះមនុស្សប្រហែល ៦០ម៉ឺននាក់ បានឆ្លងកាត់ព្រំដែនធ្វើដំណើរទៅកាន់ប្រទេសជិតខាង ។
ដោយឡែក មនុស្សជាង ២៥ម៉ឺននាក់ បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអេហ្ស៊ីប ហើយនៅថ្ងៃទី ១០ ខែមិថុនា រដ្ឋាភិបាលអេហ្ស៊ីប បានចាប់ផ្តើមតម្រូវពលរដ្ឋស៊ូដង់ទាំង ត្រូវមានទិដ្ឋាការចូលប្រទេសរបស់ខ្លួន ៕
