ភ្នំពេញ ៖ នៅពេលប្រគល់អំណោយជូនគ្រួសារកងទ័ព២៩៣គ្រួសារ នាថ្ងៃទី១២ ឧសភា ២០២១ ម្សិលមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានអំពាវនាវ ឱ្យគ្រួសារកងទ័ពក្នុងទីបញ្ជាការទ័ពពិសេស ទាំងអស់ មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ពិសេស ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីបញ្ជាការ មិនឲ្យចេញចូលនៅពេលនេះ។
ឯកឧត្តមមេបញ្ជាការ បានបន្ថែមទៀតថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ តាមរយៈមេបញ្ជាការកងទ័ពជើងគោក បានគិតគូរនិងព្រួយបារម្ភខ្លាំងបំផុតចំពោះ សុខទុក្ខ បងប្អូន គ្រួសារកងទ័ព ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេច បានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀតដើម្បីបង្ការ និងទប់ ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានផ្តល់អំណោយឧបត្ថម្ភហើយការផ្តល់អំណោយនេះទៀតសោតគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការលំបាករបស់បងប្អូនគ្រួសារកងទ័ពក្នុងគ្រាបិទខ្ទប់ទីបញ្ជាការក៏ដូចជាការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំដែលរងការវាយលុក នៃមេរោគកូវីដ.១៩។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គ្រួសារកងទ័ពទាំងអស់ដែលបានលះបង់ស្វាមី ប្តីជាទីស្រលាញ់ បានចូលរួមបំរើកិច្ចការសង្គមជាមួយ និងរាជរដ្ឋាភិបាល ក្នុងការចូលរួមលើកដាក់ និងដឹកជញ្ជូនស្បៀងរបស់ប្រមុខរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋដែលជាប់ការបិទខ្ទប់ និងបានចូលរួមក្នុងការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិអគ្គបញ្ជាការ នៅក្នុងរាជធានីភ្នំពិសេសគឺតំបន់ងាយរងគ្រោះ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងមួយភាគទៀតបំរើការងារស្នូលនៅក្នុងអង្គភាព ហើយអ្នកទាំងនោះទាំងពេលកំពុងបំពេញការងារ និងបញ្ចប់ការងារត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ទើបអនុញ្ញាត ឲ្យទៅជួបជុំក្រុមគ្រួសារ។ ឯកឧត្តម ក៏សូមសំណូមពរឲ្យបងប្អូនត្រូវមើលថែកូនចៅឲ្យបានល្អ និងអត់ធ្មត់ ទ្រាំការលំបាកក្នុងរយៈពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយៈពេលយូរ។
អំណោយជាគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយដែលផ្តល់ជូនតាមរយៈឯកឧត្តម គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មាន អង្ករ៣០០បាវ មី៣០០កេះ ទឹកស៊ីអីវ៣០០យួរ ទឹកត្រី៣០០យួរ និងម៉ាស់១០កេះធំ៕
អត្ថបទ ៖ គង់ ហួន