
ការបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (២២ មិថុនា)ថាមនុស្សទាំង៥នាក់នៅលើនាវាមុជទឹកដែលបាត់នោះ បានស្លាប់ ធ្វើឲ្យប្រជាជនក្រុង ញូវយ៉ក ដែលនៅក្នុងតំបន់ប្រជុំជន Times Square មានប្រតិកម្មយ៉ាងខ្លាំង ដោយមនុស្សម្នាបញ្ចេញទស្សនៈផ្សេងៗជាច្រើនរាប់ចាប់ពីការកាន់ទុក្ខរហូតដល់ការទទួលស្គាល់ហានិភ័យដែលពាក់ព័ន្ធ។
លោក Shane Davis អ្នកផលិតសំបកកង់ជនជាតិអង់គ្លេសបាននិយាយក្នុងបទសម្ភាសន៍មួយនៅតំបន់ Times Square ថា «ខ្ញុំគិតថាពួកគេឆោតល្ងង់ណាស់។ និយាយឲ្យត្រង់ទៅ ហេតុអ្វីបានជាមានអ្នកហ៊ានប្រថុយជីវិត បើគេជាអ្នកមានទ្រព្យសម្បតិ្តច្រើនសន្ធឹកសន្ធាប់បែបនោះទៅហើយ?»
ដំណឹងនៃការស្លាប់នោះនាំមកនូវការបញ្ចប់ដ៏ក្រៀមក្រំនៃការស្វែងរកជាអន្តរជាតិសម្រាប់នាវាមុជទឹកដែលបានបាត់ក្នុងអំឡុងពេលធ្វើដំណើរក្នុងសមុទ្រដ៏ជ្រៅ ទៅមើលបំណែកកប៉ាល់ទីតានិកដែលបានលិច។ ហើយមានអ្នកថ្មើរជើងជាច្រើននៅតំបន់ Times Square បានចងចាំពីការបាត់បង់នេះ។
លោក Ray Guy គ្រូបង្រៀនផ្នែកអប់រំកាយដែលចូលនិវត្តន៍នៅទីក្រុងញូវយ៉កបាននិយាយថា "វាជាស្ថានភាពដ៏សោកសៅនៅជុំវិញពិភពលោក។ កប៉ាល់ទីតានិចនោះបានឆក់យកជីវិតមនុស្សប្រាំនាក់បន្ថែមទៀតហើយ" ។
គ្រូបង្រៀនភាសាន័រវែស ឈ្មោះ Alim Solhiam បាននិយាយក្នុងអំឡុងពេលដំណើរកម្សាន្តរបស់លោកស្រីនៅក្នុងទីក្រុងញូវយ៉កថា "មានអ្វីប្លែក និងពិសេសទៅអំពីកប៉ាល់ទីតានិចនោះ។ ដូច្នេះក្នុងកម្រិតជាក់លាក់មួយ ខ្ញុំអាចយល់បានថាហេតុអ្វីពួកគេទាំងនោះហ៊ានប្រថុយជីវិតបែបនេះ"៕
