
សាស្ត្រាចារ្យផ្នែកគ្រឿងយន្តដែនសមុទ្រនៅសាកលវិទ្យាល័យអូស្ត្រាលីបាននិយាយនៅថ្ងៃសុក្រ(២៣ មិថុនា)នេះថា ទេសចរណ៍សមុទ្រទឹកជ្រៅនឹងកើនឡើងបើទោះបីជាមាន "ការផ្ទុះដ៏មហន្តរាយ" នៃនាវាមុជទឹកដែលធ្វើដំណើរទៅមើលបំណែកនៃកប៉ាល់ទីតានិចដែលបានសម្លាប់មនុស្សទាំង ៥ នាក់នៅលើនោះក៏ដោយ។
លោកសាស្ត្រាចារ្យ Stefan Williams នៅឯសាកលវិទ្យាល័យស៊ីដនី បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា "ខ្ញុំសង្ស័យថា យើងនឹងបន្តឃើញឧស្សាហកម្មប្រភេទនេះរីកចម្រើនបន្ថែមទៀត។ ប្រហែលជាមានការអំពាវនាវឱ្យមានបទប្បញ្ញត្តិបន្ថែមទៀត ការយល់ដឹងកាន់តែច្បាស់អំពីមធ្យោបាយដែលយានទាំងនេះត្រូវបានរចនា និងសាងសង់ឡើង ព្រមទាំងការបញ្ជាក់សម្រាប់ប្រើប្រាស់នៅក្នុងបរិស្ថានសមុទ្រទឹកជ្រៅទាំងនេះ" ។
នាវាមុជទឹកខ្នាតតូច ទីតាន ដែលដំណើរការដោយក្រុមហ៊ុន OceanGate Expeditions មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបាត់ចាប់តាំងពីវាបានបាត់ទំនាក់ទំនងជាមួយកប៉ាល់ជំនួយនៅផ្ទៃខាងលើរបស់វាកាលពីព្រឹកថ្ងៃអាទិត្យ (១៨ មិថុនា) ប្រហែលមួយម៉ោង និង ៤៥ នាទីក្នុងដំណើរមុជទឹករយៈពេល ២ ម៉ោងដើម្បីទៅមើលបំណែកកប៉ាល់ ទីតានិច ដ៏ល្បីល្បាញបំផុតរបស់ពិភពលោកដែលបានលិចនោះ។
ឆ្មាំល្បាតឆ្នេរអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២២ មិថុនា)ថា នាវាមុជទឹកសមុទ្រទឹកជ្រៅដែលមានប្រវែង ២២ ហ្វីត (៦,៧ ម៉ែត្រ)នេះ ត្រូវបានរកឃើញជាបំណែកៗបន្ទាប់ពី "ការផ្ទុះដ៏មហន្តរាយ" ដែលបានសម្លាប់មនុស្សគ្រប់គ្នានៅលើនាវានោះ៕
