
បម្រែបម្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរបានបណ្តាលឱ្យការផ្គត់ផ្គង់អង្ករដើរយឺតជាងតម្រូវការ កំពុងគំរាមកំហែងដល់វិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ឡើង ដែលបានផ្ទុះឡើងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមទីភ្នាក់ងារផ្តល់ព័ត៌មានហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Fitch Solutions បានឲ្យដឹងថា ទីផ្សារអង្ករពិភពលោកត្រូវបានកំណត់ថានឹងធ្លាក់ចុះចំនួន ៨,៧ លានតោនសម្រាប់ឆ្នាំ ២០២២និង២០២៣ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលពីរទសវត្សរ៍។
បម្រែបម្រួលអាកាសធាតុ ជាកត្តាចម្បងនៃការធ្លាក់ចុះផលិតកម្មស្រូវ ដែលជាទំនិញអាហារដ៏សំខាន់សម្រាប់មនុស្ស ៣,៥ ពាន់លាននាក់នៅទូទាំងពិភពលោក ជាពិសេសនៅអាស៊ីប៉ាស៊ីហ្វិក ជាទីដែលអង្ករពិភពលោកចំនួន ៩០ ភាគរយត្រូវបានប្រើប្រាស់។
នៅកន្លែងជាច្រើន ពន្លឺព្រះអាទិត្យដ៏ក្ដៅហួតហែងបាននាំមកនូវភាពរាំងស្ងួត និងកង្វះទឹក ខណៈដែលភ្លៀងធ្លាក់ខ្លាំងពេកបាននាំឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅកន្លែងផ្សេងទៀតដូចជានៅក្នុងប្រទេសថៃ ដែលជាប្រទេសផលិតស្រូវដ៏សំខាន់មួយរបស់ពិភពលោក។
តម្លៃអង្ករបានកើនឡើងជាមធ្យម ១៧,៣០ ដុល្លារអាមេរិកក្នុង៥០,៨គ.ក ច្រើនជាងពីរដងនៃតម្លៃកាលពីខែកក្កដា ឆ្នាំ ២០២០។ កំណើននោះ កំពុងជះឥទ្ធិពលដល់តំបន់ក្រីក្រដូចជា អាហ្វ្រិក រួមជាមួយផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ និងមជ្ឈឹមបូព៌ា។ ក៏មានក្តីបារម្ភផងដែរដែលថាបាតុភូត El Nino (អែល នីញ៉ូ) ដែលជាការបង្វិលខ្សែទឹកក្តៅឆ្ពោះទៅអាមេរិកខាងត្បូងអាចមានន័យថានឹងមានគ្រោះរាំងស្ងួតបន្ថែមទៀតនៅអាស៊ី។
ក្រៅពីការបំផ្លិចបំផ្លាញនៃអាកាសធាតុ ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនបានរឹតត្បិតការនាំចេញគ្រាប់ធញ្ញជាតិដូចជាពោត និងស្រូវសាលី។ តំបន់ខ្លះបាននិងកំពុងងាកទៅរកប្រើអង្ករជំនួសវិញដើម្បីបំពេញតម្រូវការ៕
