ប្រណាំងកង់៖ កីឡាករអូស្ត្រាលី Caleb Ewan បានប្រជែងឈ្នះដំណាក់កាលទី៥ នៃការប្រកួតប្រណាំងកង់ Grand Tour, Giro d’Italia តែបេក្ខភាពប្រជែងជើងឯក Mikel Landa មិនអាចបញ្ចប់ដំណាក់កាលបានក្រោយជួបគ្រោះថ្នាក់។

ដំណាក់កាលទី៥ ដែលមានចម្ងាយផ្លូវ ១៧៧គីឡូម៉ែត្រ Caleb Ewan ដែលប្រណាំងអោយក្រុម Lotto Soudal បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៧នាទី ១វិនាទី ខណៈលេខ២ និងលេខ៣ សុទ្ធតែជាកីឡាករម្ចាស់ផ្ទះអ៊ីតាលីគឺ Gaicomo Nizzolo និង Elia Viviani ស្ថិតក្នុងថេរវេលាដូចគ្នាជាមួយនឹងអ្នកលេខ៤ Peter Sagan។ ចំណែកកីឡាករវ័យ ៣១ឆ្នាំអេស្ប៉ាញ Mikel Landa បានជួបនឹងគ្រោះថ្នាក់ ដោយប៉ះទង្គិចជាមួយអ្នកឈ្នះដំណាក់កាលទី៤ កីឡាករអាមេរិក Joe Domborowski និងត្រូវបានដឹកតាមរថយន្តសង្គ្រោះមកមន្ទីរពេទ្យ ក្រោយមកក៏ពិនិត្យឃើញថា បាក់ឆ្អឹងដងកាំបិត និងរបួសលើឆ្អឹងជំនីផងដែរ។
ក្រោយ ៥ដំណាក់កាលនេះកីឡាករម្ចាស់ផ្ទះអ៊ីតាលី Alessandro Da Marchi នៅតែជាអ្នកនាំមុខគេក្នុងតារាងរួមដដែល ដោយមានវេលានាំមុខលើអ្នកលេខ២ កីឡាករប៊ែលហ្ស៊ិក Louis Vervaeke ៤២វិនាទី និងនាំមុខលើអ្នកលេខ៣ កីឡាករព័រទុយហ្កាល់ Nelson Oliveira ៤៨វិនាទី។ ដោយឡែកដំណាក់កាលទី៦ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ១៦០គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ