ព្រះវិហារ៖ ស្រូវនិងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលចាត់ទុកជាខេត្តផលិតបាន នូវកសិផលសរីរាង្គដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បន្ដចុះកិច្ចសន្យា ទទួលទិញពីសហគមន៍កសិកម្មចំនួន៣១ នៅក្នុងខេត្តព្រះវិហារ លើបរិមាណសរុប៤៣,៧៧០ តោន ក្នុងរដូវកាលឆ្នាំ២០២៣នេះ ។
កិច្ចសន្យាទិញលក់ ស្រូវ និងដំឡូងមីសរីរាង្គនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក គឹម សាន្ដ អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេម រុរ៉ាយស៍ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អង្គការដៃគូរអភិវឌ្ឍន៍ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍ កសិកម្មទាំង ៣១ និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២កន្លងមកនេះ យើងមានកសិផលសរីរាង្គសរុបចំនួន ២៨,០០០តោន ត្រូវបានផលិត និងផ្គត់ផ្គង់ តាមកិច្ចសន្យា ពីកសិករប្រមាណជាង៥,០០០គ្រួសារ ក្នុងនោះរួមមាន ស្រូវសរីរាង្គ ចំនួន ១៥,០៨០តោន, ដំឡូងមីសរីរាង្គ ១៣,០០០តោន, និងសណ្ដែកដីសរីរាង្គ ចំនួន៥ តោន។
ហើយក្នុងចំណោមលទ្ធផលនៃ កិច្ចសន្យាដែលសម្រេចបានខាងលើក្រុមហ៊ុនអេមរុ រ៉ាយ ស៍ និង ក្រុមហ៊ុន ស៊ីអេស៊ីស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុតក្នុងការទទួលទិញកសិផលពី កសិករ ក្នុងខេត្តព្រះវិហារ ដែលអាចនិយាយបានថាជាង ៩០%នៃលទ្ធផលនេះ បានមកពីការបញ្ជាទិញ របស់ក្រុមហ៊ុនទាំងពីរនេះ។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា ប្ដេជ្ញាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វផ្សាយ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាបំផុត ក្នុងគោលដៅធ្វើយ៉ាង ណាឱ្យអង្ករព្រះវិហារ កាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅឆាកអន្ដរជាតិ។ ហើយទោះបែបនេះក្ដី លោក នៅតែបន្ដទទូចស្នើសុំដល់កសិករផលិតទាំងអស់សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ធ្វើយ៉ាង ណាត្រូវគោរពទៅតាមគោលការណ៍កិច្ចសន្យា ពិសេសស្ដង់ដាសរីរាង្គ។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងសហការគ្នាបានយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវក្នុងក្របខណ្ឌកសិកម្មតាមកិច្ចសន្យា ដែលអាច ចាត់ទុកថាជាខ្សែបន្ទាត់ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះ ទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរ លើគោលការណ៍សំខាន់ ៣គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព ផលិតផល ធានាបាននូវតម្លៃ សាមគ្គីភាព កិច្ចសហការ ជំនឿទុកចិត្ត និងផ្ដល់ផល ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ដើម្បីជម្រុញឲ្យវិស័យកសិកម្ម នៅក្នុងខេត្តព្រះវិហារ នឹងក្លាយជាកសិកម្ម បែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល ដើម្បីសម្រេចបាននូវគោល នយោបាយ ជម្រុញផលិតកម្មស្បៀង និងការនាំចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយបង្កើននូវ កំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនប្រាក់ចំណូល ផ្ទាល់ដល់ក្រុមកសិករជាអ្នកផលិត។
គួរបញ្ជាក់ថា ក្រុមហ៊ុនធ្វើការបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គរពីកសិករ សម្រាប់កែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងនោះរួមមានក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ចុះកិច្ចសន្យាទិញស្រូវសរីរាង្គ លើបរិមាណសរុប ១៦,០០០តោន និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាទិញដំឡូងមី សរីរាង្គលើបរិមាណសរុប ២៥,០០០តោន និងសណ្តែកដីសរីរាង្គ លើបរិមាណសរុប ១០តោន។ លើសពីនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានផ្តល់ឥណទានពូជស្រូវផ្កា រំដួលចុះបញ្ជីប្រមាណជា ៥៩,៤០០គីឡូក្រាម សម្រាប់ការដាំដុះក្នុងឆ្នាំ២០២៣នេះ ដើម្បីរួមចំណែក ក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕










