
កម្ពុជា៖ ជារៀងរាល់ឆ្នាំអំឡុងខែមិថុនា ពិសេសថ្ងៃទី២៣ ខែមិថុនា ពិភពលោកតែងតែប្រារព្ធនូវទិវាអូឡាំពិកអន្តរជាតិ (International Olympic Day) ដែលជាពេលវេលាឱ្យពិភពលោករួមគ្នា អបអរសាទរនូវស្មារតីការប្រកួតអូឡាំពិក និងកីឡាជាទូទៅ។
ឯកឧត្ដម វ៉ាត់ ចំរើន អតីតកីឡាករជម្រើសជាតិកម្ពុជា ធ្លាប់ចូលរួមប្រកួតអូឡាំពិក និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឱ្យដឹងថា ទិវាអូឡាំពិក ជាថ្ងៃដ៏សំខាន់ ដែលប្រទេសទាំងអស់លើពិភពលោក ត្រូវប្រារព្ធតាមសកម្មភាពរៀងៗខ្លួន ហើយពិធីនេះធ្វើមិនចំពោះថ្ងៃណានោះទេនៃខែមិថុនា តែកុំឱ្យផុតខែនេះ។ ឯកឧត្តមបន្តថា ទិវានេះធ្វើឡើងដើម្បីជាការចងចាំនូវការបង្កើតគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងកុំឱ្យភ្លេចនូវឧត្តមគតិអូឡាំពិក។
ឯកឧត្ដម ញ៉ាណ សុខវិសាល មន្ត្រីទំនាក់ទំនងកិច្ចការអន្តរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រាប់ដឹងដែរថា សម្រាប់កម្ពុជា តែងតែប្រារព្ធដូចប្រទេសនានាដែរ ដោយប្រទេសខ្លះយកកីឡារត់ម៉ារ៉ាតុន ដើម្បីរំលឹកទិវាអូឡាំពិក។ ដោយបន្តថាកន្លងមកកម្ពុជា បានធ្វើសកម្មភាពកីឡា និងចុះទៅផ្សព្វផ្សាយចលនាអូឡាំពិកដល់យុវជនជាច្រើន។
សូមរំលឹកថា ដោយសារតែកម្ពុជា បានលើកកម្ពស់ចលនាអូឡាំពិកបានយ៉ាងល្អ ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម ២០២៣កាលពីខែឧសភា កន្លងទៅ តំណាងប្រធានអូឡាំពិកអន្តរជាតិបានផ្តល់មេដាយមរតកអូឡាំពិកអន្តរជាតិ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ លោក Ng Ser Miang អនុប្រធានទី១គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តំណាងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានមានប្រសាសន៍ថាក្នុងនាមប្រធាន Thomas Bach សូមអបអរសាទរ ដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជន ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាពេលនេះ។
លោកក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោហ៊ុន សែន ដែលបានដឹកនាំ កីឡាកម្ពុជាមានការរីកចម្រើន ហើយលើសពីនេះ ការធ្វើម្ចាស់ផ្ទះពហុកីឡាតំបន់អាស៊ីអាគ្នេយ៍ ដោយឈរលើការលើកកម្ពស់សន្តិភាព និងពង្រឹងមិត្តភាព ដែលនេះជាស្មារតីក្នុងកីឡា។
ទិវាអូឡាំពិក ដែលត្រូវបង្កើតឡើងនៅឆ្នាំ១៩៤៨ ជាការអបអរសាទរសាកលចំពោះកីឡា ហើយទិវានេះត្រូវធ្វើយ៉ាងសកម្មនៅថ្ងៃទី២៣ ខែមិថុនា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃបង្កើតគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ១៨៩៤ ហើយក៏ជាឆ្នាំកំណើតនៃកីឡាអូឡាំពិកទំនើបដែរ។
ប្រធានអូឡាំពិកអន្តរជាតិ Thomas Bach លើកឡើងថា ទិវាអូឡាំពិកធ្វើឱ្យយើងពិតជាចងចាំនៃការបង្កើតចលនាអូឡាំពិកដែលធ្វើឡើងដោយបិតាស្ថាបនិក Pierre de Coubertin។ ហើយលោកចង់ធ្វើឱ្យពិភពលោកជាកន្លែងដែលកាត់តែស្រស់ស្អាត តាមរយៈកីឡា។
លោកប្រធានអូឡាំពិកបញ្ជាក់ដែរថា កីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញឱ្យមនុស្សរស់នៅដោយសុខភាពល្អ។ ប្រធានបទឆ្នាំនេះ “Let’s Move-តោះឆ្ពោះទៅមុខ” គឺជាការជម្រុញឱ្យមនុស្សជុំវិញពិភពលោក យកពេលវេលាប្រចាំថ្ងៃហាត់ប្រាណ ដោយលោក Bach បន្ថែមថាពេលយើងលេងកីឡា វាធ្វើឱ្យគំនិត និងរាងកាយយើងរឹងមាំ និងសុខភាពល្អ។ពេលលេងកីឡាធ្វើឱ្យយើងរីករាយ និងរួមគ្នា។ ពេលយើងលេងកីឡា យើងរស់នៅតាមបាវចនាអូឡាំពិកថ្មីគឺ លឿនជាង ខ្ពស់ជាងខ្លាំងជាងរួមគ្នាជាធ្លុងមួយ៕


