កំពង់ចាម៖ គ្រួសារអតីតសកម្មជនបក្សភ្លើងទៀនចំនួន៣គ្រួសារ ក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀនពីមុខផ្ទះចោល ខណៈពេលនេះ ពួកគេអស់ជំនឿជឿលើការដឹកនាំរបស់មេបក្សខ្លួន។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៣ ពួកគាត់ក៏នាំគ្នាដកស្លាកគណបក្សភ្លើងទៀនពីមុខផ្ទះចោល ដោយបានលើកឡើងថា ការរស់នៅជាមួយមេដឹកនាំគណបក្សប្រឆាំង មិនបានធ្វើឲ្យប្រទេសជាតិរីកចម្រើន មានតែភូតភរបោកប្រាសសកម្មជនរបស់ខ្លួន ។
ពួកគាត់ បានលើកឡើងទៀតថា ការដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន កម្ពុជា គឺបន្ទាប់ពីពួកគេដឹងខ្លួនថា ការដឹកនាំគណបក្សប្រឆាំងគ្មានគោលនយោបាយច្បាស់លាស់ មានតែការញុះញង់អុជអាល និងរើសអើងជាតិសាសន៍ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មានគោលនយោបាយច្បាស់លាស់ពិតប្រាកដ ដោយយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា សកម្មជន សមាជិក-សមាជិកា និងមន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស និងក្រៅប្រទេស រាប់រយនាក់ បានសម្រុកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ៕







