
ក្រុមអ្នកគាំទ្ររាប់ពាន់នាក់ បានជួបជុំគ្នានៅលើទីលានចតុរង្គ Syntagma ទីក្រុងអាតែន ប្រទេសក្រិក ដើម្បីចូលរួមការដង្ហែក្បួនរបស់ប្រធានគណបក្ស Syriza ដែលជាមេដឹកនាំនិយមឆ្វេងលោក Alexis Tsiprasមុនការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃអាទិត្យខាងមុខនេះ ។
ក្រុមអ្នកគាំទ្រ នាំគ្នាគ្រវីទង់បក្ស និងស្រែកហ៊ោ ពេលដែលលោក Tsiprasឡើងលើវេទិកា ប៉ុន្តែក្រុមអ្នកគាំទ្រមួយចំនួន ព្រួយបារម្ភពីលទ្ធផលបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ ។
លោក Tsipras ឈានដល់ការបោះឆ្នោតជុំទី២ ជាមួយអតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មី(ND)លោក Kyriakos Mitsotakis ។
គណបក្សអភិរក្សនិយមរបស់លោក Mitsotakis ទំនងជាឈ្នះឆ្នោតម្តងទៀតនៅថ្ងៃអាទិត្យនេះ ក្រោយការបោះឆ្នោតជុំទី១មិនបានសម្រេច កាលពីថ្ងៃទី ២១ ខែឧសភា ធ្វើឲ្យគាត់វិលត្រឡប់មកកាន់អំណាចវិញ ។
លោក Tsiprasនិយាយថា ការមានប្រៀបរបស់គណបក្សប្រជាធិបតេយ្យថ្មីនៅក្នុងសភា នឹងបង្កើតរបបដែលមិនអាចគ្រប់គ្រងបាន ។
មេដឹកនាំគណបក្ស Syriza រូបនេះ បានចុះយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់លោក ដោយសន្យាថានឹងបន្ធូរបន្ថយដល់ការចំណាយខ្ពស់ និងអ្នកមានប្រាក់បៀវត្សរ៍ទាប ការពារសិទិ្ធ និងលក្ខខណ្ឌការងារ ក៏ដូចជាបានរិះគន់រដ្ឋាភិបាលមុនថាពុំបានធ្វើរឿងគ្រប់គ្រាន់ ៕