
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ នៅថ្ងៃសុក្រ (ទី២៣ ខែមិថុនា) នេះ ថា ប្រទេសអ្នកមាន បានសម្រេចចុងក្រោយ ក្នុងការសន្យាផ្តល់ហិរញ្ញប្បទានអាកាសធាតុដែលហួសពេលកំណត់ ១០០ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងបានបង្កើតមូលនិធិសម្រាប់ជីវចម្រុះ និងការការពារព្រៃឈើ។
លោក Macron កំពុងនិយាយនៅឯកិច្ចប្រជុំចុងក្រោយមួយ ក្នុងទីក្រុងប៉ារីស ជាកន្លែងដែលមេដឹកនាំប្រមាណ ៤០នាក់ រួមទាំងរាប់សិបនាក់មកពីទ្វីបអាហ្រ្វិក នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីប្រេស៊ីលបានមកជួបជុំគ្នាដើម្បីជំរុញដល់របៀបវារៈហិរញ្ញវត្ថុសកលថ្មី។
ការសន្យាផ្ដល់ប្រាក់ចំនួន ១០០ពាន់លានដុល្លារ គឺនៅខ្វះខាតខ្លាំងណាស់ ចំពោះតម្រូវការជាក់ស្តែងរបស់ប្រទេសក្រីក្រ ប៉ុន្តែបានក្លាយជានិមិត្តរូបនៃការបរាជ័យរបស់ប្រទេសអ្នកមាន ក្នុងការផ្តល់មូលនិធិអាកាសធាតុ ដែលខ្លួនបានសន្យា។ ការសន្យានេះ បានជំរុញឲ្យមានទំនុកចិត្តលើការចរចាអាកាសធាតុកាន់តែទូលំទូលាយជាងមុន រវាងប្រទេសនានាដែលព្យាយាមជំរុញវិធានការកាត់បន្ថយឧស្ម័នកាបូនិក៕