អាមេរិក ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Merrick Garland កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) បានបដិសេធការចោទប្រកាន់របស់អង្គភាពផ្ដល់ព័ត៌មានអំពីសេវាកម្មចំណូលផ្ទៃក្នុង (Internal Revenue Service) ដែលបាននិយាយថា រដ្ឋអាជ្ញាសហព័ន្ធជាន់ខ្ពស់ ដែលមានភារកិច្ចស៊ើបអង្កេតករណីកូនប្រុសរបស់លោកប្រធានាធិបតី Joe Biden គឺលោក Hunter ត្រូវបានរារាំងដោយក្រសួងយុត្តិធម៌ ក្នុងការបន្តចាត់វិធានការព្រហ្មទណ្ឌកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ដោយនិយាយជាសាធារណៈជាលើកដំបូងចាប់តាំងពីលោក Hunter Biden ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) សម្រាប់បទមជ្ឈិមចំនួនពីរករណីពាក់ព័ន្ធនឹងការខកខានបង់ពន្ធលើប្រាក់ចំណូលដោយចេតនានោះ លោក Garland បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋអាជ្ញាអាមេរិកលោក David Weiss ដែលជារដ្ឋអាជ្ញាជាន់ខ្ពស់សហព័ន្ធ នៅរដ្ឋ Delaware «ត្រូវបានផ្តល់សិទ្ធិអំណាចយ៉ាងពេញលេញ» ដើម្បីធ្វើការសម្រេចការចោទប្រកាន់ដោយផ្ទាល់។
លោក Garland បានប្រាប់ថា៖ «លោក David Weiss ត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីលោក Donald Trump ជារដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកនៅរដ្ឋ Delaware ហើយលោកបានចាត់ចែងករណីនេះ អំឡុងរដ្ឋបាលមុន។ លោកត្រូវបានផ្តល់សិទ្ធិអំណាចយ៉ាងពេញលេញ ដើម្បីធ្វើការសម្រេចទាំងអស់ដោយផ្ទាល់»។
ការិយាល័យរបស់លោក Weiss កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) បានបង្ហាញនៅក្នុងឯកសារតុលាការថាលោក Hunter Biden បានយល់ព្រមផ្តល់ចម្លើយពីភាពមានទោស ចំពោះការចោទប្រកាន់បទមជ្ឈិមករណីបង់ពន្ធចំនួនពីរ ហើយជនជាប់ចោទ ក៏បានយល់ព្រមចូលទៅក្នុងកម្មវិធីបង្វែរការកាត់ទោសទុកជាមុន ដើម្បីជៀសវាងការប្រឈមនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរជាងនេះ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធ ខណៈដែលកំពុងប្រើប្រាស់ញៀនថ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) សមាជិកសភានៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានចេញផ្សាយប្រតិចារិកនៃបទសម្ភាសន៍ជាមួយលោក Gary Shapley ភ្នាក់ងារត្រួតពិនិត្យឧក្រិដ្ឋកម្មរបស់អង្គភាពផ្ដល់ព័ត៌មានអំពីសេវាកម្មចំណូលផ្ទៃក្នុង (IRS) ដែលធ្វើការលើការស៊ើបអង្កេត Hunter Biden។ លោក Shapley បានប្រាប់ថា ក្រសួងយុត្តិធម៌បានដំណើរការយឺតយ៉ាវលើករណីនេះ ដែលចាប់ផ្តើមក្នុងរដ្ឋបាលរបស់លោក Trump និងបន្តរហូតដល់អាណត្តិរបស់លោក Garland៕

