បាល់ទាត់៖ ខ្សែការពារសញ្ជាតិបារាំង Aymeric Laporte របស់ក្រុមជើងឯក Premier League, Manchester City អាចនឹងបង្ហាញខ្លួនឲ្យក្រុមជំរើសជាតិអេស្ប៉ាញបាន នៅព្រឹត្តិការណ៍ Euro រដូវក្តៅខាងមុខនេះ បន្ទាប់ពីទទួលបានសញ្ជាតិអេស្ប៉ាញ។

អ្នកចាត់ការក្រុមគោជល់អេស្ប៉ាញ លោក Luis Enrique ធ្លាប់សួរនាំទៅសហព័ន្ធបាល់ទាត់អេស្ប៉ាញ REFE ពីលទ្ធផលដែលអាចកោះហៅខ្សែការពារកណ្តាល Aymeric Laporte កាលពីខែមុន។ ក្រោយមក Laporte ខ្លួនឯងក៏បានស្នើឯកសារផ្លូវច្បាប់ ក្នុងការស្នើសុំសញ្ជាតិអេស្ប៉ាញ ខណៈនៅពេលនេះ Laporte ក៏ទទួលបានលិខិតឆ្លងដែនអេស្ប៉ាញរួចហើយ រង់ចាំតែការបើកភ្លើងពី FIFA ប៉ុណ្ណោះ។ Aymeric Laporte មានដើមកំណើតនៅ Agen ប្រទេសបារាំង ដោយមានឪពុកជាកីឡាករបាល់ឱប និងម្តាយជាកីឡាការិនីបាល់ទាត់។
Laporte បានចូលរួមជាក្លិបអេស្ប៉ាញ Athletic Bilbao តាំងពីកុមារភាពដោយចំណាយពេល ៨ឆ្នាំនៅទីនោះ មុនពេលផ្លាស់ទៅកាន់ Manchester City នៅឆ្នាំ២០១៦ ក្នុងតម្លៃ ៦៥លានអឺរ៉ូ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួន ឲ្យក្រុមយុវជនបារាំងជាច្រើនប្រភេទអាយុ តែមិនដែលជាប់ក្នុងក្រុមធំឡើយ ហើយច្បាស់ណាស់ថា Laporte នឹងមិនស្ថិតក្នុងជម្រើសរបស់លោក Didier Deschamps ទៀតដែរនៅ Euro ២០២០ ខាងមុខនេះ៕
អត្ថបទ៖នាង សុភាវុធ