កំពង់ចាម៖ នាថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រឡាយទឹកដែលបានស្តារ ប្រវែង ១៤៥០ម៉ែត្រ ជូនប្រជាកសិករចំនួន ៦៣៥គ្រួសារ ដែលមានដីស្រែចំនួន ៤៥៧ហិកតា និងការពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ២,០០០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី នៅវត្តផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
គួររម្លឹកផងដែរថា ប្រជាកសិករចំនួន ៦៣៥គ្រួសារ នៅឃុំផ្តៅជុំ បានដាក់សំណើរតាមរយៈ ក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ជួយស្តារប្រឡាយទឹក ប្រវែង ១៤៥០ម៉ែត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមដំណាំស្រូវ របស់ប្រជាពលកសិករក្នុងភូមិចំនួនបី នៅក្នុងតំបន់ខាងជើង នៃឃុំផ្តៅជុំ។ តបតាមសំណើររបស់ប្រជាកសិករ ក្រុមការងារជនបង្គោលបានបើកការដ្ឋានស្តារប្រឡាយទឹកនេះ រហូតបានរួចរាល់ជាស្ថាពរ ដែលប្រឡាយទឹក នេះនឹងជួយសម្រួលដល់ការរំដោះទឹកជំនន់ នារដូវវស្សា កុំឲ្យជន់លិចដីស្រែ និងដំណាំស្រូវប្រជាកសិករទាំងបីភូមិ ហើយនារដូវប្រាំង ប្រឡាយនេះ ប្រើប្រាស់ជាផ្លូវនាំទឹក សម្រាប់ស្រោចស្រពដំណាំស្រូវប្រជាកសិករផងដែរ។
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដដែល ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានចូលរួមដឹកនាំសកម្មភាព ក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ក្រុមការងារជនបង្គោលចុះជួយស្រុកជើព្រៃ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួនជាង ២០០០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី នៅក្នុងវត្តផ្តៅជុំ ឃុំផ្តៅជុំ។
សកម្មភាពចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដល់មូលដ្ឋាន សបញ្ជាក់ ឲ្យឃើញថា ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាព គឺជាកត្តា ចំបងបំផុតដែលអាចឲ្យបុគ្គលម្នាក់ៗ មានលទ្ធភាពចូលរួមអភិវឌ្ឍន៍កិច្ចការងារសេដ្ឋកិច្ចសង្គម ជាពិសេស ការជួយសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឲ្យមានភាពរីកចម្រើនទៅបាន លុះត្រាតែមានសុខភាពល្អ។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះផងដែរ ឯកឧត្តមបណ្ឌិតម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាច បង្កបង្កើនផល មានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួលបានសេវាពិនិត្យព្យាបាលជម្ងឺ មានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយ ប្រទេស ជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ឯកឧត្តមបណ្ឌិត មុឹង មករា ក៏បានលើកទឹកចិត្តនឹងស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ខាងមុខនេះ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីបន្តគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជា នាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ ដើម្បីដឹកនាំរក្សាសុខសន្តិភាពនិង ការអភិវឌ្ឍជាតិមាតុភូមិ យើងឱ្យកាន់ តែរីកចម្រើនជានិរន្តរ៍៕ ដោយ ៖ កុម្ភះ





