អុីរ៉ង់ ៖ អ្នកធ្វើធម្មយាត្រាប្រចាំឆ្នាំជនជាតិអ៊ីរ៉ង់ បានទៅធ្វើអធិដ្ឋានពេលល្ងាច នៅក្នុងវិហារ Grand Mosque របស់ទីក្រុង Mecca នៅក្នុងរថយន្តក្រុងថ្មីសន្លាងមួយគ្រឿងក្នុងសប្តាហ៍នេះ ខណៈដែលការផ្សះផ្សាគ្នា រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានធ្វើឲ្យមានភាពប្រសើរឡើងវិញនូវសេវាកម្ម សម្រាប់ធម្មយាត្រាប្រចាំឆ្នាំទៅកាន់ទីកន្លែងពិសិដ្ឋរបស់សាសនាអ៊ីស្លាម។
លោក Sayid Mahdi ដែលនឹងទទួលបន្ទុកធម្មយាត្រាជនជាតិអ៊ីរ៉ង់ប្រហែល ២.៨០០នាក់ ដែលនឹងធ្វើធម្មយាត្រាប្រចាំឆ្នាំ នៅសប្តាហ៍ក្រោយ បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើឲ្យមានភាពកាន់តែប្រសើរជាងមុន ក្នុងការស្វែងរកសណ្ឋាគារ សម្រាប់ជនជាតិអ៊ីរ៉ង់ នៅឆ្នាំនេះ។
លោកបានមានប្រសាសន៍ថា៖ «យើងសូមអរព្រះគុណព្រះ ដែលអ្វីៗកំពុងតែប្រសើរឡើងឡើង។ ព្រះហឫទ័យរបស់ព្រះ ធ្វើឲ្យពួកយើងអាចផ្តល់នូវសេវាបានយ៉ាងល្អប្រសើរដល់អ្នកធ្វើធម្មយាត្រានៃវិហារឥស្លាមដ៏ពិសិដ្ឋ»។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងរៀបចំធម្មយាត្រាប្រហែល ២,៦លាននាក់ នៅសប្តាហ៍ក្រោយ សម្រាប់រដូវកាលធម្មយាត្រាប្រចាំឆ្នាំ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានលុបចោលនូវរាល់ការរឹតបន្តឹងទប់ស្កាត់ជំងឺ COVID-19 ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់ ចំនួន ៨៧.៥៥០នាក់ នឹងស្ថិតនៅក្នុងចំណោមអ្នកធ្វើធម្មយាត្រាទាំងនោះ។
សូមបញ្ជាក់ថា ប្រទេសគូប្រជែងក្នុងតំបន់ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានព្រមព្រៀងគ្នាកាលពីខែមីនា ក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយចិន ដើម្បីបញ្ចប់ការប្រេះឆាផ្នែកការទូត បន្ទាប់ពីមានអរិភាពជាមួយគ្នាជាច្រើនឆ្នាំ ដែលបានជំរុញឲ្យមានជម្លោះក្នុងតំបន់ និងពេលខ្លះ នាំឲ្យពិបាកដល់ប្រជាជនអ៊ីរ៉ង់ ក្នុងការធ្វើកម្មវិធីធម្មយាត្រាប្រចាំឆ្នាំ និងក្នុងការធ្វើដំណើរទៅកាន់កន្លែងពិសិដ្ឋ៕

