ស៊ីរី ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី Sana បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានដាក់គោលដៅលើទីក្រុង Qardaha ដែលជាក្រុងនៃបុព្វបុរសរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) ដោយបានបាញ់គ្រាប់មីស៊ីលចំនួន ២គ្រាប់ ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យម្នាក់ទៀតរងរបួសស្រាល។
ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Sana បានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនទៅលើទីក្រុង Salhab ដែលជាទីក្រុងកាន់កាប់ដោយរដ្ឋាភិបាលមួយផ្សេងទៀត នៅភាគពាយព្យនៃប្រទេសស៊ីរី ក្បែរទឹកដីរបស់ក្រុមឧទ្ទាម ដែលការវាយប្រហារនោះ បានសម្លាប់ស្ត្រីម្នាក់ និងកុមារម្នាក់។
ការវាយប្រហារលើទីក្រុង Qardaha និង Salhab ដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ បានកើតឡើងចំពេលមានការផ្ទុះឡើងនូវការប្រយុទ្ធគ្នា នៅភាគពាយព្យជាមួយនឹងការបាញ់ផ្លោងដាក់គ្នា រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម នៅខ្សែត្រៀមជួរមុខមួយចំនួន។
ទីក្រុង Qardaha មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីមូលដ្ឋានអាកាស Hmeimim របស់ប្រទេសរុស្ស៊ី។ ក្រុមប្រឆាំងរបស់ប្រទេសស៊ីរី បាននិយាយថា យន្ដហោះចម្បាំងរបស់រុស្ស៊ី បានកំណត់គោលដៅវាយប្រហារលើតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនាពេលថ្មីៗនេះ ហើយយោងតាមប្រភពពីភាគីទាំងពីរ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានបង្កើនការដាក់ពង្រាយ នៅខ្សែត្រៀមជួរមុខមួយចំនួន៕

