ភ្នំពេញ ៖ នៅក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់បិទការធ្វើដំណើរ និងបើករមណីយដ្ឋានទេសចរឡើងវិញនេះ លំហូរអ្នកដំណើរតាមផ្លូវជាតិពីខេត្តមួយទៅខេត្តមួយបានចេញដើរមានកំណើនឡើងច្រើន រហូតធ្វើឱ្យកន្លែងខ្លះមានកកស្ទះ ហើយបានធ្វើអោយចរន្តទេសចរចេញដើរកម្សាន្ត ក៏បានចាប់ផ្តើមមានកម្រើកឡើងវិញផងដែរ ប៉ុន្តែនៅក្នុងកម្រិតមួយទាប។
បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភា្នក់ទេសចរណ៍កម្ពុជាហៅកាត់ CATA បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៣ ខែឧសភានេះថា ចរន្តទេសចរក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបើកការធ្វើដំណើរឡើងវិញនេះ ចំនួនភ្ញៀវទេសចរបានចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានា នៅក្នុងមានកម្រិត ហើយភាគច្រើននៃអ្នកចេញដើរទាំងនោះមិនទាន់ហ៊ានចូលប្រើប្រាស់សេវាអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ច្រើននោះទេ ជាពិសេសសេវាកម្មរមណីយដ្ឋានទេសចរណ៍ រីស៊ត ភោជនីយដ្ឋាន អាហារដ្ឋាន និងផ្ទះស្នាក់ជាដើម។
លោកស្រី បន្តថា ទោះយ៉ាងណាចាប់ពីសប្តាហ៍ក្រោយនេះតទៅ បណ្តាអាជីវកម្មទេសចរណ៍ផ្តល់សេវាកម្មនៅនឹងកន្លែង មានរមណីយដ្ឋាន រីស៊ត ភោជនីយដ្ឋាន ផ្ទះស្នាក់ជាដើមនឹងចាប់ផ្តើមបើកដំណើរការឡើងវិញខ្លះៗបន្ថែមទៀត ខណៈបច្ចុប្បន្ននេះ អាជីវកម្មសេវាទាំងនោះ មួយចំនួនគេកំពុងរៀបចំកែលំអរដើម្បីបើក និងខ្លះទៀត កំពុងប្រមូលបុគ្គលិកដែលឈប់កន្លងមកចូលមកបំរើការឡើងវិញ។
លោកជំទាវ ឆាយ សៀវលីន បន្តថា ដោយឡែកសម្រាប់អាជីវកម្មការីទេសចរវិញ មកដល់ពេលនេះ មិនទាន់បានត្រៀមរៀបចំខ្លួនឡើងវិញទេ ដោយខ្លះកំពុងចាំមើលការងើបឡើងវិញនៃទីផ្សារទេសចរអន្តរជាតិ ខណៈការកំពុងងើបឡើងវិញនៃភ្ញៀវទេសចរក្នុងស្រុកនៅក្នុងដំណាក់កាលនេះ គឺមិនទាន់ប្រើប្រាស់សេវាកម្មការីទេសចរនេះច្រើនផុលផុសទេ ។
បើតាម ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុងអំឡុងពេលរយៈពេល២សប្តាហ៍កន្លងមកនេះ តំបន់គោលដៅទេសចរណ៍មួយចំនួនបានបើកដំណើរការ ហើយគោលដៅទេសចរណ៍ខ្លះទៀតនៅមិនទាន់បានបើកដំណើរការ ដោយសារគេនៅបន្តធ្វើការស្ទាបស្ទង់ចំនួនភ្ញៀវចេញដើរ ហើយតំបន់រមណីយដ្ឋានទេសចរណ៍កែច្នៃខ្លះទៀតគឺគាត់នៅបន្តការជួសជុល រៀបចំការរក្សាគន្លាត រៀបចំប្រព័ន្ធបង្ការការពារ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ជាដើម។
ឯកឧត្តម តុប សុភ័ក បញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរចេញដើរកម្សាន្តក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ គឺភាគច្រើនគេចេញដើរដោយប្រើមធ្យោបាយខ្លួនឯង និងជាលក្ខណៈគ្រួសារ ហើយគេមិនទាន់ចេញដើរជាលក្ខណៈក្រុមធំៗ ដែលមានសភាពអ៊ូអរកកកុញនោះទេ៕
អត្ថបទ ស៊ុម សុខជា