អ៊ុយក្រែន ÷ យ៉ាងហោចណាស់មនុស្ស ៣នាក់ បានបាត់បង់ជីវិត និង ៨នាក់ផ្សេងទៀត រងរបួសក្នុងទីក្រុងគីវ (Kyiv) នៅព្រឹកថ្ងៃសៅរ៍ (ទី២៤ ខែមិថុនា) នេះ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសពេញមួយយប់ចុងក្រោយរបស់ខ្លួនទៅលើអ៊ុយក្រែន។ បុគ្គលិកសង្គ្រោះបន្ទាន់ កំពុងរើបំណែកបាក់បែក នៅឯអគារលំនៅឋានដ៏ខ្ពស់មួយ នៅកណ្តាលទីក្រុងគីវ។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធានៃទីក្រុងគីវ បាននិយាយថា ការខូចខាតអគារខ្ពស់នេះ គឺបណ្តាលមកពីបំណែកនៃគ្រាប់មីស៊ីលដែលបានទម្លាក់។ លោកបានបន្ថែមថា មីស៊ីលជាង ២០គ្រាប់ ត្រូវបានបាញ់ទម្លាក់ នៅជុំវិញទីក្រុង។
អភិបាលក្រុងលោក Vitalii Klitschko បានឲ្យដឹងនៅលើបណ្ដាញសង្គម Telegram ថា មនុស្សកាន់តែច្រើន អាចនឹងជាប់នៅក្រោមគំនរបាក់បែកនោះ។ ចំណែកយោធាអ៊ុយក្រែន បាននិយាយថា ផ្នែកការពារដែនអាកាស បានកម្ទេចមីស៊ីល ៤១គ្រាប់ ក្នុងចំណោមការបាញ់ ៥១គ្រាប់ ក៏ដូចជាយានដ្រូនចំនួន២ ដែលបាញ់ដោយរុស្ស៊ីក្នុងការវាយប្រហារសំដៅលើតំបន់ក្រុងគីវ (Kyiv) ខាគីវ (Kharkiv) នីប្រូ (Dnipro) និងនីប្រូប៉េត្រូវស្ក៍ (Dnipropetrovsk)។
ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍អំពីការផ្ទុះ នៅក្នុងទីក្រុងផ្សេងទៀតដែរ ប៉ុន្តែភ្លាមៗ មិនមានព័ត៌មានពីចំនួនអ្នករបួស និងស្លាប់ ឬក៏ការខូចខាតនោះឡើយ៕

