ភ្នំពេញ ÷ ដើម្បីត្រៀមជូនគណៈប្រតិភូ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ក្នុងការអញ្ជើញដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ នាខែកញ្ញាខាងមុខ នៅថ្ងៃទី២៤ ខែមិថុនា ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ លោកជំទាវបណ្ឌិតអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានចុះពិនិត្យទីតាំងរៀបចំដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៃឧទ្យាជាតិព្រះសុរាម្រឹតកុសុមៈ-គីរីរម្យ។
លោកជំទាវ ម៉ែន នារីសោភ័គ បានអោយដឹងថា ការចុះពិនិត្យមើលទីតាំងខាងលើនេះ គឺដើម្បីត្រៀមទទួលគណៈប្រតិភូ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ រួមទាំងអគ្គលេខាអាស៊ាន និងតំណាង IFRC និង ICRC និងអញ្ជើញទៅដាំដើមឈើនៅទីនោះ ដែលដឹកនាំដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍។
លោកជំទាវបន្តថា ការចុះមកពិនិត្យមើលទីតាំងរៀបចំដាំដើមឈើនេះ គឺជាលើកទី៣ហើយ សម្រាប់កាកបាទក្រហមកម្ពុជា ដោយការចុះពិនិត្យលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា, លើកទី២ នៅថ្ងៃទី១០ ខែឧសភា និងលើកទី៣នៅថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវការដាំដើមឈើ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។ នៅក្នុងការរៀបចំដាំដើមឈើនេះដែរ នឹងមានគណៈប្រតិភូសមាគមជាតិ ដែលជាយុវជន នៃសមាគម ចំនួន១១ប្រទេស រួមទាំងកម្ពុជាផងដែរ ចូលរួមនៅក្នុងការដំាដើមឈើនេះ។
លទ្ធផលនៃកិច្ចពិភាក្សាការងារខាងលើនេះ ក្រុមការងារបានសម្រេចជ្រើសយកតំបន់ចំនួន៣ សម្រាប់ដាំដើមឈើ គឺទី១ស្ថិតនៅក្នុងបរិវេណកសិណទឹក ជុំវិញព្រះចូល្លាមុនីចេតិយ នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ, ទី២នៅតាមដងផ្លូវចូលមកប្រវែង ៨០៥ម៉ែត្រ ត្រូវដាំដើមឈើ និងផ្កាចម្រុះ លំអរតាមសងខាងផ្លូវ និងទីតាំងទី៣ គឺដាំលើផ្ទៃដីជាង២ហិចតា ដែលជាទីតាំងដែលធ្លាប់បានដាំកាលពីឆ្នាំ២០២២កន្លងមកចំនួនជាង២ពាន់ដើម។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដែលទទួលប្រសាសន៍ណែនាំផ្ទាល់ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងការរៀបចំបច្ចេកទេសក្នុងការដំាដើមឈើ និងសំអាតបរិស្ថាន ក៏បានដាក់ចេញការងារបន្ថែមទៀតចំនួន៩ចំណុច ដោយបានចាត់តាំងមន្ដ្រីក្រុមជំនាញនីមួយៗ ទទួលខុសត្រូវតាមមុខងារ ដើម្បីរៀបចំការដំាដើមឈើ ការបដ្ឋិសណ្ឋាកិច្ច និងការងារផ្សេងៗទៀត ដើម្បីឈានទៅសម្រេចបានយ៉ាងរលូន ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំ ក្នុងការដាំដើមឈើ នៅពេលខាងមុខនេះ។
លោកជំទាវ ម៉ែន នារីសោភ័គ បានបន្ថែមទៀតថា ការជ្រើសយកទីតំាងនៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ ដាំដើមឈើ សម្រាប់គណៈប្រតិភូនេះ គឺដើម្បីបង្ហាញពីសុខដុមរមនា នៃជាតិសាសន៍ និងសាសនាទាំងអស់នៅកម្ពុជា និងបន្សល់ទុកជាមរតកជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ពេលដែលមកកំសាន្ដនៅទីនេះ៕
អត្ថបទៈ សំ ងីម












