កំពត ៖ កាលពីម្សិលមិញ រដ្ឋបាលខេត្តកំពត បានទទួលអំណោយសប្បុរសពីក្រុមហ៊ុនផលិតថ្មកំបោរ និងម្សៅ បៀកភ្នំមាស ដែលមានគោលបំណងរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធឆាំងនឹងជំងឺកូវីដ១៩។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា បញ្ហាជំងឺកូវីដ១៩ គឺជាបញ្ហាសកល ដោយ ឡែកសម្រាប់កម្ពុជា បច្ចុប្បន្ន ក៏កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសុខភាពប្រជាជន ។ បញ្ហានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងជួយឧបត្ថម្ភគាំទ្រ ដល់ ពលរដ្ឋគ្រប់ទីកន្លែងដែលមានការលំបាកខ្វះខាត។
ឯកឧត្ដម បានបញ្ជាក់ថា ដូចគ្នានេះដែរ ខេត្តកំពត រយៈពេលកន្លងមក មានសប្បុរសជន និងក្រុម ហ៊ុននានា បានចូលរួមបរិច្ចាគធនធាន ថវិកា និងសម្ភារ ជាមួយរដ្ឋបាលខេត្ត និងកាកបាទក្រហមខេត្ត ជាបន្តបន្ទាប់ ដើម្បីជួយដល់ពលរដ្ឋខ្វះខាតក្នុងខេត្តកំពត។
ឯកឧត្តម បានថ្លែងអំណរគុណសប្បុរសជនម្ចាស់អំណោយ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តកំពត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសការពារកុំឱ្យ មានការឆ្លងនៅក្នុងសហគមន៍ខេត្តកំពត បន្តទៀត ហើយអំណោយទាំងអស់នេះរដ្ឋបាលខេត្ត នឹងចាត់ចែង ផ្ដល់ជូនបន្តទៅជួយពលរដ្ឋតាមមូលដ្ឋាន បានប្រើប្រាស់ ដើម្បីការពារខ្លួនស្របតាមវិធានការសុខាភិបាល ក៏ដូចជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ អន សារឹម