មន្ត្រីរដ្ឋាភិបាលបានប្រាប់សារព័ត៌មាន ស៊ីនហួរ(Xinhua )កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ១៣ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាលយ៉េម៉ែន និងក្រុមខ្មាន់កាំភ្លើងកុលសម្ព័ន្ធនៅក្នុងខេត្ត Marib ភាគឦសានរបស់ប្រទេសនេះ។

មន្ត្រីម្នាក់បាននិយាយថា ជម្លោះរវាងមន្ត្រីសន្តិសុខរដ្ឋាភិបាលយ៉េម៉ែន និងក្រុមកុលសម្ព័ន្ធជុំវិញការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យកុលសម្ព័ន្ធបានបង្កឱ្យមានការប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃសុក្រនៅក្នុងស្រុក al-Wadi នៃខេត្ត Marib ជាខេត្តគ្រប់គ្រងដោយរដ្ឋាភិបាលដែលល្បីល្បាញថា ជាតំបន់មានធនធានប្រេងដ៏សម្បូរបែប។
លោកបាននិយាយថា ក្រុមសកម្មប្រយុទ្ធកុលសម្ព័ន្ធចំនួន ៩ នាក់ និងបុគ្គលិកសន្តិសុខរដ្ឋាភិបាលចំនួន ៤នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ដែលបណ្តាលឲ្យរងរបួសជាច្រើននាក់ទៀតពីភាគីទាំងពីរផងដែរ៕