ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានាកាលពីថ្ងៃសៅរ៍ ២៤ ខែមិថុនា ដូចដែលពួកគេបានធ្វើរៀងរាល់សប្តាហ៍ ដើម្បីតវ៉ានឹងការកែប្រែប្រព័ន្ធតុលាការដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលនឹងផ្តល់សិទ្ធិអំណាចកាន់តែពេញលេញ ដល់ក្រុមអ្នកនយោបាយ ក្នុងការជ្រើសរើសចៅក្រម។

វិធានការនេះ ក៏នឹងកំណត់អំណាចរបស់តុលាការកំពូលក្នុងការប្រឆាំងនឹងច្បាប់ផងដែរ។
ក្រុមបាតុករអាចទាមទារជោគជ័យខ្លះ ដោយថាផែនការនេះមិនត្រូវបានអនុម័តលឿនដូចលោក Netanyahu សង្ឃឹមនោះទេ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនៅតែប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរនេះ។
បាតុករបានដើរឆ្ពោះទៅផ្លូវហាយវ៉េ'Ayalon'ដ៏សំខាន់នៃក្រុង Tel Aviv ដែលបានបង្ខំឲ្យបិទចរាចរណ៍។ ហើយនគរបាលជិះសេះបានបំបែកពួកគេ។
ក្រោមសម្ពាធទាំងក្នុង និងក្រៅប្រទេស លោក Netanyahu បានយល់ព្រមពន្យារពេលកំណែទម្រង់ ដើម្បីព្យាយាមចរចាជាមួយក្រុមប្រឆាំងស្វែងរកវចំណុចកណ្តាលមួយ ប៉ុន្តែបន្ទាប់ពីផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅលើការអនុម័តថវិការដ្ឋកាលពីសប្តាហ៍មុន ផែនការដែលមានភាពចម្រូងចម្រាសខ្លាំងនឹងជួបបញ្ហាជាថ្មីម្តងទៀតនៅពេលខាងមុខ។
ក្រុមអ្នករិះគន់មើលឃើញថាមានការគំរាមកំហែងដល់ឯករាជ្យភាពរបស់តុលាការដោយនាយករដ្ឋមន្ត្រីដែលកំពុងស្ថិតក្នុងសវនាការជំនុំជម្រះក្ដីលើការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដែលលោកបានបដិសេធ៕
