បាល់ទាត់៖ អ្នកគាំទ្រក្រុមបាល់ទាត់ Ajax Amsterdam មិនដែលបានចូលទស្សនាការប្រកួតមួយប្រកួតណាឡើយ របស់ក្រុមនៅរដូវកាលនេះដោយសារតែជំងឺរាតត្បាត Covid-19 ដូច្នេះក្លិបបានសំរេចចិត្តធ្វើរឿងគួរអោយស្ញប់ស្ញែង។

ដើម្បីតបស្នង និងជាកាដឹងគុណទៅដល់អ្នកគាំទ្រ ដែលនឹករលឹកចង់ទស្សនាផ្ទាល់នូវសកម្មភាពបាល់ទាត់ Ajax Amsterdam ដែលជាជើងឯកលីគកំពូលហូឡង់ Eredivisie រដូវកាលនេះ ក៏បានសំរេចរំលាយពានជើងឯកធ្វើពីប្រាក់របស់ខ្លួន ទៅជារូបផ្កាយប្រាក់តូចៗចំនួន ៤២០០០គ្រាប់ចែកជួនអ្នកគាំទ្រ ដែលបានជាវសំបុត្រចូលទស្សនាកាលពីដើមរដូវកាលនៅកីឡដ្ឋាន Johan Cruyff Arena។ នាយកប្រតិបត្តិក្លិបលោក Edwin van der Sar បានឲ្យដឹងថា រដូវកាលកន្លងមកនេះ Ajax លេងក្នុងកីឡដ្ឋានដោយគ្មានអ្នកគាំទ្រ តាំងពីដើមរដូវកាលរហូតមកដល់ពេលនេះ តែអ្នកគាំទ្រនៅតែជាផ្នែកដ៏សំខាន់របស់ក្លិប តាមរយៈការគាំទ្រនៅតាមបណ្តាញសង្គម តាមផ្លូវនៅខាងក្រៅកីឡដ្ឋានជាដើម។
មិនមានអ្វីច្រើនទេ នេះជាការតបស្នងបន្តិចបន្តួចរបស់ក្លិបទៅកាន់អ្នកគាំទ្រ អតីតអ្នកចាំទី Manchester United រូបនេះបន្ថែម។ សូមបញ្ជាក់ថា លីគកំពូលហូឡង់នៅសល់ ២ប្រកួតទៀតទើបចប់រដូវកាលតែ Ajax ធានាបានជើងឯកតាំងពីដើមខែ ក្រោយដាច់ពិន្ទុក្រុមលេខ២ PSV Eindhoven ដល់ទៅ ១៤ពិន្ទុ។ គិតមកដល់ពេលនេះលីគកំពូលហូឡង់មានតែ Ajax ទេដែលឈ្នះជើងឯកច្រើនជាងគេសរុប ៣៥លើក ខណៈ PSV Eindhoven ឈ្នះ ២៤លើក៕
អត្ថបទ៖នាង សុភាវុធ