បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានជំរុញដល់សមាជិកសមាជិកាគណបក្ស ដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវបន្តដាស់តឿន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យត្រៀមឯកសារឱ្យបានរួចរាល់ សម្រាប់ការបោះឆ្នោត អាណត្តិទី៧ខាងមុខ ។
ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ រៀបចំផែនការ ត្រៀមឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួម ពីអនុប្រធានក្រុមការងារ និងប្រធានទទួលបន្ទុកតាមភូមិ រួមទាំងលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ទាំង៩ ក្នុងឃុំព្រះផុស យុវជនឃុំ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស្រេង វង្សហៀង បានណែនាំដល់សមាជិក សមាជិកាគណបក្សត្រូវខិតខំពង្រឹងកិច្ចសហការល្អក្នុងស្មារតីសាមគ្គីភាព ដើម្បីធ្វើយ៉ាងណាដណ្ដើមយកជ័យជំនះឱ្យខានតែបាន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។
បន្ថែមពីនេះ ឯកឧត្តម បានណែនាំដល់យុវជនគណបក្សដែលជាសរសរទ្រូងប្រទេសជាតិត្រូវខិតខំបម្រើប្រទេសជាតិដោយស្មោះត្រង់ ចូលរួមក្នុងចលនាអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីកសាងស្នាដៃ និងកិត្តិយសល្អសម្រាប់ទុកជាគំរូដល់យុវជនជំនាន់ក្រោយ។
ឯកឧត្តម ស្រេង វង្សហៀង បានណែនាំដល់សមាជិក សមាជិកា ត្រូវចុះជួបដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលាដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
ឯកឧត្តម ប្រធានក្រុមការងារ ដាស់តឿនដល់ថ្នាក់ដឹកនាំគណបក្សត្រូវចុះអប់រំណែនាំពន្យល់ដល់បងប្អូនប្រជាពលរដ្ឋពីសារៈសំខាន់នៃការបោះឆ្នោតព្រមទាំងជំរុញដល់ពួកគាត់ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវកៀរគរសមាជិកទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងចុងក្រោយបង្អស់ គឺលេខ១៨៕






