ភ្នំពេញ ៖ អ្នកបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្ដសៀមរាប មិនទាន់បានរៀបចំសេវាកម្មរបស់ខ្លួនទេ ដើម្បីទទួល ទេសចរ ដោយសារភាពស្រពិចស្រពិលនៃវិបត្តិកូវីដ-១៩ ព្រោះថា ការរៀបចំនេះ ត្រូវការចំណាយថវិកា ច្រើន។ នេះបើតាមការអះអាងរបស់ប្រធានសមាគមទេសចរណ៍ក្នុងខេត្តសៀមរាប។
លោក ហ្វីលីប កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានប្រាប់BTV នៅថ្ងៃទី១៣ ខែឧសភានេះថា ក្រុមប្រតិបត្ដិករទេសចរណ៍ បាននឹងកំពុងដាក់សំណើរទៅអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីសុំវ៉ាក់សាំងសម្រាប់ចាក់ឱ្យក្រុមប្រតិបត្ដិករទេសចរណ៍ជាមុនសិន ដើម្បីធ្វើយ៉ាងណា អាចកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩។ បច្ចុប្បន្ននេះ មានភ្ញៀវទេសចរតិចតួច បានទៅកម្សាន្ត នៅរមណីយដ្ឋានផ្សេងនៅក្នុងខេត្ដនេះ ក្រោយពេលដែលរាជរដ្ឋាភិបាល បានឱ្យដំណើរការឡើងវិញនូវ រមណីយដ្ឋានទេសចរណ៍នៅក្នុងស្រុកទូទាំងប្រទេស។
លោក បានបន្ដថា ចំណែកការបើកដំណើរការឡើងវិញនូវសេវាផ្ទះសំណាក់ សណ្ឋាគារ ឬ ការរៀប ចំកន្លែងទេសចរណ៍ផ្សេងៗ នៅមិនទាន់បានរៀបចំឱ្យល្អដូចមុនការផ្ទុះជំងឺកូវីដ១៩ នៅឡើយទេ។ ការបើក ទេសចរណ៍ឡើងវិញ ប្រតិបត្ដិករទេសចរណ៍ ត្រូវធានាសុវត្ថិភាពឲ្យបានដល់ផ្ញៀវទេសចរ។
ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា នៅក្នុងខេត្ដសៀមរាប បាននឹងកំពុងអភិវឌ្ឍផ្លូវ៣៨ខ្សែនៅក្នុងក្រុង ដែលធ្វើឱ្យប៉ះពាល់ដល់ទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់។ កន្លែងបម្រើសេវាកម្មទេសចរណ៍ខ្លះ បន្ដបិទនៅឡើយ ដោយបារម្ភការឆ្លងជំងឺកូវីដ១៩នេះ។ លោក បានបន្ដថា តែទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មានទេសចរក្នុងស្រុកតិចតួច ប៉ុណ្ណោះ បានចេញធ្វើដំណើរកម្សាន្ត៕
អត្ថបទ៖ ឈិត សាវី