ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹងផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសបានការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យារពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌ មានន័យស្នើនឹងការបដិសេធមិនផ្ដល់យុត្តិធម៌។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធីដោះស្រាយវិវាទក្នុងសង្គម មិនមែនមានតែការកាត់ក្ដីមួយប៉ុណ្ណោះទេ ការសម្រុះសម្រួល និងការផ្សះផ្សារដោះស្រាយវិវាទ គឺជាវិធីដោះស្រាយប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ធានាបាននូវសុខដុមរម្យនានៅសង្គម។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណោះស្រាយដែលប្រជាជនចង់បានបំផុតនៅក្នុងសង្គមពេលមានវិវាទ កើតឡើងគឺជាដំណោះស្រាយមួយឆាប់រហ័ស និងអាចទទួលយកបាន។ ករណីវិវាទ ដែលមិនអាចសម្របសម្រួលបាន គឺចាំបាច់ត្រូវដោះស្រាយតាមផ្លូវតុលាការ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងយុត្តិធម៌ក្តាប់ឲ្យជាប់នូវបទល្មើសព្រហ្មទណ្ឌ ខណៈបទល្មើសនេះបានកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសចំពោះជនជ្រុលនិយមមួយចំនួន។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា ដើម្បីលើកកម្ពស់គុណភាពនៅក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សារការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព និងភាពសុខដុរមនាឱ្យបានល្អប្រសើរ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការយឺតយ៉ាវក្នុងការកាត់ក្ដីជូនប្រជាពលរដ្ឋ មិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែវាជាភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទថែមទៀតផង ដូចជាករណីឃុំខ្លួនជនជាប់ចោទដែលមិនទាន់បានជម្រះក្ដីជាដើម។ ដូច្នេះសម្ដេចតេជោតម្រូវឱ្យចៅក្រមត្រូវដោះស្រាយករណីនេះឱ្យបានល្អ កុំឱ្យដូចពេលមុនៗទៀត។
សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ រវាងគូភាគីឱ្យកាន់តែឆាប់ ដោយមិនត្រូវទុកឯកសារកាត់ក្ដីរយៈពេលយូរឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ប្រើប្រាស់វិធីសាស្រ្ដក្នុងការសម្របសម្រួល ដោះស្រាយវិវាទទាំងខាងក្រៅ និងខាងក្នុងតុលាការ ចៀសជាងបញ្ជូនសំណុំរឿងក្ដីទៅកាត់នៅតុលាការ។
សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រមទាំងអស់យកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយការពិនិត្យជាមុនលើបញ្ហារបស់គូភាគីរងវិវាទ រកវិធីដោះលើចំណុចត្រូវគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យស្របតាមគោលការឈ្នះឈ្នះទាំងអស់គ្នា។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យពន្លឿនការធ្វើច្បាប់ទាក់ទងនឹងតុលាការពាណិជ្ជកម្ម ខណៈបច្ចុប្បន្ននេះកម្ពុជាកំពុងអភិវឌ្ឍន៍ប្រទេសដោយពង្រឹងលើការធ្វើធុរកិច្ចនៅកម្ពុជា។ សម្ដេចជំរុញឱ្យធ្វើច្បាប់នេះឱ្យចេញនៅក្នុងអាណត្តិខាងមុខ។









