
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកទឹកចិត្តដល់ចៅក្រមទាំងអស់ គប្បីត្រូវ ខិតខំឲ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយសំណុំរឿងខ្លះជារដ្ឋប្បវេណីទេ តែប្រើរយៈពេលវែងក្នុងការវិនិច្ឆ័យ ដូច្នេះត្រូវធ្វើការសម្របសម្រួលជាជាងកាត់ក្តីដល់គូជម្លោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ«អគារសាលាយុត្តិធម្ម»នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំណុំរឿងខ្លះបានធ្វើឲ្យគូជម្លោះអស់ទ្រព្យពីខ្លួនទាំងសងខាង ដោយសារតែប្រើរយៈពេលយូរ ដូច្នេះហើយ សម្តេចសូមលើកទឹកចិត្តឲ្យអស់លោក លោកស្រីជាចៅក្រម រួមទាំងអាជ្ញាធរផងនោះដើរតួនាទីធ្វើការផ្សះផ្សារ និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាពិសេសចំពោះសំណុំរឿងក្នុងក្របខណ្ឌរដ្ឋប្បវេណី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា តុលាការគឺស្ថិតនៅក្នុងមាត់ដង្កាប់ ដោយអ្នកឈ្នះក្តី គេសរសើរតុលាការថា កាត់ក្តីយុត្តិធម៌ ខណៈអ្នកចាញ់ថានឹងគ្មានយុត្តិធម៌សម្រាប់ពួកគេ ដូច្នេះហើយមានតែដើរតួនាទីជាអ្នកសម្របសម្រួល និងផ្សះផ្សារក្រៅប្រព័ន្ធ តុលាការទេទើបប្រសើរ ខណៈមធ្យោបាយនេះ គឺជាយុទ្ធសាស្រ្តឈ្នះ ឈ្នះទាំងអស់គ្នា៕អត្ថបទ៖បាន ចក់