រុស្ស៊ី៖ ប្រមុខការទូតសហរដ្ឋអាមេរិកលោកAntony Blinken បាននិយាយថា បញ្ហាប្រឈមដែលមិនធ្លាប់មានចំពោះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ែកណាគ្រុប(Wagner Group) បានបង្ហាញពីការបែកបាក់កម្លាំងក្នុងការដឹកនាំរបស់លោក ដែលអាចចំណាយពេលដោះស្រាយជាច្រើនសប្ដាហ៍ ឬច្រើនខែ ខណៈប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី និយាយថាខ្លួនគាំទ្រទីក្រុងមូស្គូ ក្នុងការការពារស្ថិរភាពជាតិ។

ក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់តាមទូរទស្សន៍ លោក Blinken និងក្រុមសមាជិកសភាសហរដ្ឋអាមេរិក បាននិយាយថា ភាពចលាចលកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសរុស្ស៊ី បានធ្វើឲ្យឥទ្ធិពលរបស់លោក Putin ចុះក្រោយក្នុងមធ្យោបាយជាច្រើនដែលអាចជួយដល់ការវាយបករបស់អ៊ុយក្រែន លើកងកម្លាំងរុស្ស៊ី ក្នុងទឹកដីរបស់ខ្លួន ខណៈកំពុងផ្ដល់ផលប្រយោជន៍ដល់បណ្ដាប្រទេសជិតខាងរុស្ស៊ីរួមទាំងប៉ូឡូញ និងរដ្ឋក្នុងតំបន់បាល់ទិក។
លោក Blinken បាននិយាយនៅក្នុងកម្មវិធីព័ត៌មាន ABC’s This Week ថា ខ្ញុំគិតថាយើងមើលពុំឃើញពីចំណាត់ការចុងក្រោយទេ បន្ទាប់ពីការងើបបះបោរធ្វើឡើងដោយប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉ែកណាគ្រុប លោក យេវ ហ្គីនី ព្រីហ្គូស៊ីន(Yevgeny Prigozhin) ។

លោកថា ភាពតានតឹងទាំងឡាយ ដែលបង្កឲ្យផ្ទុះសកម្មភាពឡើង បាននិងកំពុងរីកកាន់តែធំជាច្រើនខែទៀត និងបានបន្ថែមការគំរាមកំហែងដល់បញ្ហាផ្ទៃក្នុងដែលអាចប៉ះពាល់ដល់សមត្ថភាពយោធារបស់ក្រុងមូស្គូ នៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Washington Post និង New York Times ទីភ្នាក់ងារចារកម្មអាមេរិកបានប្រមូលសញ្ញាប៉ុន្មានថ្ងៃមុនដែលពេលលោក Prigozhin កំពុងរៀបចំកងទ័ពរបស់លោកដើម្បីបះបោរ ដោយក្រុមមន្ត្រីបានផ្ដល់របាយការណ៍នៅសេតវិមាន មន្ទីរបញ្ចកោណ និងនៅវិមាន Capitol Hill អំពីភាពចលាចលយ៉ាងរំជើបរំជួល មួយថ្ងៃមុនពេល Prigozhin ក្រោកប្រឆាំងនឹងមេដឹកនាំយោធារុស្ស៊ី គឺលោក Sergei Shoigu ដោយទាមទារឲ្យលោក Shoigu លាលែងពីតំណែង៕
