អាមេរិក៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ឆ្មាំល្បាតឆ្នេររបស់សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនាវាមុជទឹកទេសចរណ៍នៅបាតសមុទ្រ ដែលបានបណ្តាលឲ្យមនុស្សទាំង ៥ នាក់ស្លាប់នៅលើយាននោះខណៈកំពុងមុជក្នុងជម្រៅទឹកទៅកាន់បំណែកនាវាទីតានិកមានអាយុកាលមួយសតវត្សរ៍។

ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដាបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតដោយខ្លួនឯងចំពោះការផ្ទុះនាវាទីតាន ដែលបានចោទជាសំណួរអំពីលក្ខណៈពុំមាននិយតកម្មនៃបេសកកម្មបែបនេះ។

លោកកាពីទែន Jason Neubauer ប្រធានផ្នែកស៊ើបអង្កេតរបស់ឆ្មាំល្បាតឆ្នេរបាននិយាយថា ឆ្មាំល្បាតឆ្នេរបានបើកនូវអ្វីដែលខ្លួនហៅថាការស៊ើបអង្កេតរបស់គណៈកម្មការដែនសមុទ្រកាលពីថ្ងៃសុក្រ ។
លោក Neubauer និយាយថា ឆ្មាំល្បាតឆ្នេរកំពុងធ្វើការជាមួយទីភ្នាក់ងារ FBI ដើម្បីប្រមូលយកភស្តុតាង រួមទាំងប្រតិបត្តិការជួយនៅទីតាំងកម្ទេចកម្ទីនៅបាតសមុទ្រមានចម្ងាយប្រហែល៤៨៨ ម៉ែត្រ ពីក្បាលនៃបំណែកនាវាទីតានិក និងមានជម្រៅប្រហែល៤ គីឡូម៉ែត្រនៅក្រោមផ្ទៃទឹក។
លោក Neubauer បាននិយាយថា ការរកឃើញនេះនឹងត្រូវបានរួមចំណែកជាមួយអង្គការដែនសមុទ្រអន្តរជាតិ និងក្រុមផ្សេងទៀត ដើម្បីជួយធ្វើឲ្យប្រសើរឡើងក្របខ័ណ្ឌសុវត្ថិភាពសម្រាប់ប្រតិបត្តិការនាវាមុជទឹកនៅទូទាំងពិភពលោក៕