រុស្ស៊ី៖ ពលរដ្ឋទីក្រុង Rostov-on-Don ក្នុងប្រទេសរុស្ស៊ី បានផ្ទុះការអបអរ ខណៈកងទ័ពរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានដកខ្លួនថយចេញពីទីក្រុងកាលពីព្រឹកថ្ងៃអាទិត្យ មានរយៈពេលមិនដល់ ២៤ ម៉ោង បន្ទាប់ពីការប៉ុនប៉ងបះបោរ។

ក្នុងវីដេអូដែលបានចែករំលែកជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN)បង្ហាញ មនុស្សជាច្រើនបានអបអរខណៈរថក្រោះរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានរំកិលចេញពីផ្លូវទីក្រុង Rostov-on-Don។ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានអំពាវនាវឱ្យលុបចោលការបះបោរដោយក្រុមយោធាឯកជនរបស់លោកកាលពីថ្ងៃសៅរ៍ ដែលបានដើរក្បួនដើម្បីហ៊ុមព័ទ្ធនៅទីក្រុងមូស្គូ។
រដ្ឋាភិបាលរុស្ស៊ី និងលោក Prigozhin បានឈានដល់ការព្រមព្រៀងមួយតាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីលោក Prigozhin បានទទួលយកសំណើរបស់លោក Lukashenko ដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់កងទ័ពក្រុមហ៊ុន Wagner និងធ្វើឲ្យស្ថានការណ៍ធូរស្រាល។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ី រារាំងចំពោះអ្នកទាំងឡាយណាដែលរៀបចំការបះបោរប្រដាប់អាវុធ។ យោងតាមទីភ្នាក់ងារចរាចរណ៍ផ្លូវគោកសហព័ន្ធរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ការរឹតបន្តឹងចរាចរណ៍ទាំងអស់នៅទូទាំងប្រទេសរុស្ស៊ី ត្រូវបានដាក់ជុំវិញការប៉ុនប៉ងបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលត្រូវបានដកចេញវិញ។ សណ្តាប់ធ្នាប់សង្គមក៏បានវិលត្រឡប់មកធម្មតាវិញនៅទីក្រុងមូស្គូ៕