ហុងឌុយរ៉ាស៖ រដ្ឋាភិបាលហុងឌុយរ៉ាស បានប្រកាសអនុវត្តន៍បម្រាមគោចរកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងចំនួន២នៅភាគខាងជើងប្រទេស បន្ទាប់ពីមនុស្ស២២នាក់ ត្រូវបានបាញ់សម្លាប់ទាំងពាក់កណ្ដាលអធ្រាត្រក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាស្របពេលការផ្ទុះអំពើហិង្សាកាន់តែច្រើននៅក្នុងប្រទេសនេះ។

អ្នកនាំពាក្យនគរបាល លោក Edgardo Barahona បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមប្រដាប់អាវុធបានបើកការបាញ់ប្រហារកាលពីយប់ថ្ងៃអាទិត្យនៅក្នុងសាលកីឡាស្នូកឃ័រ ក្នុងភូមិមួយ នៅទីក្រុង Choloma ភាគខាងជើងប្រទេសនេះ ដោយបានសម្លាប់មនុស្ស១១នាក់ និង មនុស្ស៣នាក់ផ្សេងទៀត រងរបួស។
ប្រភពផ្លូវការមួយ ដែលពុំត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់សារព័ត៌មាន បានប្រាប់សារព័ត៌មានReuters ថា មានមនុស្សយ៉ាងហោចណាស់១១នាក់ផ្សេងទៀត បានស្លាប់ កាលពីថ្ងៃសៅរ៍ ក្នុងការវាយប្រហារដាច់ដោយឡែកនៅទូទាំងភាគខាងជើងតំបន់ Valle de Sula រួមទាំងទីក្រុងឧស្សាហកម្ម San Pedro Sulay ផងដែរ។
លោកប្រធានាធិបតី Xiomara Castro បានប្រកាសតាមបណ្ដាញសង្គម Twitter អំពីការអនុវត្តិន៍បម្រាមគោចរ១៥ថ្ងៃ នៅក្នុងទីក្រុង Choloma ចន្លោះម៉ោង៩យប់ថល់៤ទៀបភ្លឺ ដែលបានចូលជាធរមានភ្លាមៗ និងនៅក្នុងតំបន់ San Pedro Sula នឹងចូលជាធរមាននៅថ្ងៃទី៤ខែកក្កដា។
គួររម្លឹកថា ការវាយប្រហារកាលពីចុងសប្ដាហ៍នេះ បានកើតមានឡើងក្រោយឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុត កាលពីដើមសប្ដាហ៍មុន នៅពន្ធនាគារសម្រាប់ដាក់អ្នកទោសជាស្ត្រី ជិតទីក្រុង តេហ្គូស៊ីហ្គាល់ប៉ា ដែលបានសម្លាប់មនុស្ស៤៦នាក់ ស្របពេលមានសេចក្ដីរាយការណ៍ពីការផ្ទុះទំនាស់រវាងក្រុមសមាជិកជនអន្ធពាល ក្នុងពន្ធនាគារនោះ៕