សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តបិទការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ២សប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចកាលពីថ្ងៃម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចឱ្យបន្តផ្អាកការលក់ដូរគ្រឿងស្រវឹងរយៈពេល ២សប្ដាហ៍ទៀតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែឧសភា។
ក្រៅពីហាមឃាត់ការលក់ដូរគ្រឿងស្រវឹងហើយនោះ រដ្ឋបាលខេត្តសៀមរាប ក៏ហាមឃាត់ផងដែរនូវការជួបជុំទទួលទានគ្រឿងស្រវឹង ការចាក់ឧបករណ៍បំពងសំឡេង ការច្រៀង និងការរាំកម្សាន្ត។
រដ្ឋបាលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនសហគ្រាសណាបំពានលើបម្រាមនេះ៕
