អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ថ្ងៃទី២៥ ខែមិថុនា) បាននាំឲ្យក្ដីសង្ឃឹមរបស់រូបលោកមានឡើងវិញ ក្នុងការវិលទៅមានឥទ្ធិពលនៅរដ្ឋ Michigan វិញ ព្រោះថានេះគឺជារដ្ឋមួយក្នុងចំណោមរដ្ឋនៅតំបន់ Midwest ដែលលោកបានចាញ់លោក Joe Biden ក្នុងឆ្នាំ២០២០ ខណៈការធ្វើយុទ្ធនាការនៅទីនេះ អាចជាចំណុចផ្លាស់ប្ដូរដ៏សំខាន់ ដើម្បីដណ្តើមយកតំណែងសេតវិមានមកវិញ ក៏ថាបាន។

លោក Trump បាននិយាយនៅឯពិធីទទួលអាហារពេលពេលល្ងាចក្នុងថ្ងៃបុណ្យ Lincoln Day Dinner របស់គណបក្សសាធារណរដ្ឋ នាតំបន់ Oakland County ជាកន្លែងដែលរូបលោក ត្រូវបានគេផ្តល់កិត្តិយសជា «Man of the Decade» (បុគ្គលប្រចាំទសវត្សរ៍) របស់ក្រុម និងជាកន្លែងដែលលោកបានវាយប្រហារលើគោលនយោបាយបរិស្ថានរបស់លោកប្រធានាធិបតី Biden ដោយលោកបានអះអាងថា នឹងធ្វើឲ្យបាត់បង់ការងាររាប់ពាន់កន្លែង ក្នុងរដ្ឋដែលផលិតរថយន្តមួយនេះ។
លោក Trump បាននិយាយទៅកាន់ក្រុមមនុស្សដ៏ច្រើននោះថា៖ «លោក Biden គឺជាអ្នកនាំឲ្យមានមហន្តរាយដល់រដ្ឋ Michigan ហើយភាពងុបងល់លើបរិស្ថានរបស់លោក គឺគ្មានបេះដូង និងគ្មានភាពស្មោះត្រង់ និងអាក្រក់ហួសប្រមាណសម្រាប់កម្មករអាមេរិក»។

ដោយឡែក ពេលនិយាយសំដៅដល់ការចោទប្រកាន់របស់តុលាការសហព័ន្ធ ដែលលោកប្រឈមនឹងបទចោទប្រកាន់ថា បានចាត់ចែងឯកសារសម្ងាត់មិនបានត្រឹមត្រូវ លោក Trump បានអះអាងម្តងទៀតថា ករណីនេះ មានហេតុផលនយោបាយ។ លោក Trump បាននិយាយថា៖ «ប្រសិនបើខ្ញុំមិនបានឈរឈ្មោះ ឬប្រសិនបើខ្ញុំធ្វើមិនល្អនៅក្នុងការបោះឆ្នោត រាល់ការស៊ើបអង្កេតនេះ នឹងបញ្ឈប់ភ្លាមៗមួយរំពេច»។
លោក Trump កំពុងនាំមុខគូប្រជែងសម្រាប់តំណែងប្រធានាធិបតីឆ្នាំ២០២៤ ខាងគណបក្សសាធារណរដ្ឋរបស់លោក ដោយក្នុងនោះរួមទាំងការនាំមុខលើអភិបាលរដ្ឋ Florida លោក Ron DeSantis ដោយការឈានមុខច្រើនពិន្ទុ នៅក្នុងការស្ទង់មតិនានា៕