
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ជំរុញឱ្យចៅក្រមទាំងអស់ពន្លឿនការដោះស្រាយសំណុំរឿងជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងការកកស្ទះសំណុំរឿង និងស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេដ្ឋរចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹងផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញអាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសស្ថានភាពនៃការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យាពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌។
បើតាមរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ឯកឧត្ដម កើត រិទ្ធ បានឱ្យដឹងថា បច្ចុប្បន្នចំនួនចៅក្រម និងព្រះរាជអជ្ញាសរុបនៅតាមសាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់មានចំនួន ៦០៥ នាក់, ក្រឡាបញ្ជីសរុបមានចំនួន ៩០០ នាក់, អាជ្ញាសាលាមានចំនួន ២០ នាក់ និងមន្រ្ដីរដ្ឋបាលតុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសមានចំនួនប្រមាណ ២៣៥៣ នាក់៕អត្ថបទ៖ វ៉ន ដារ៉ា