ស៊ីរី៖ សាក្សី និងក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា យន្តហោះប្រយុទ្ធរបស់រុស្ស៊ីបានទម្លាក់គ្រាប់បែកមកលើភូមិ និងទីប្រជុំជននានានៅក្បែរទីក្រុង Idlib ភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យ ជនស៊ីវិលយ៉ាងតិច ៩ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងការផ្ទុះឡើងអំពើហឹង្សាដ៏ធំ នៅក្នុងមូលដ្ឋានក្រុមប្រឆាំងចុងក្រោយរបស់ប្រទេសនេះ។

ក្រុមឆ្លើយតបគ្រាអាសន្នមួកស (White Helmets) ដែលគាំទ្រដោយប្រទេសលោកខាងលិច បាននិយាយថា យន្តហោះចម្បាំងហោះហើរក្នុងរយៈកម្ពស់ខ្ពស់ ដែលមជ្ឈមណ្ឌលតាមដានបាននិយាយថា ជាយន្តហោះចម្បាំង Sukhoi របស់រុស្ស៊ី បានទម្លាក់គ្រាប់បែកមកលើទីផ្សារបន្លែក្នុងទីក្រុង Jisr al-Shughour ខណៈទីផ្សារមានមនុស្សកកកុញដោយមានអ្នកដើរទិញឥវ៉ាន់នៅមុនពិធីបុណ្យ Eid របស់ពលរដ្ឋមូស្លីម ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចប្រាំបួននាក់ស្លាប់ និង ៣០ នាក់រងរបួស។
ក្រុមមួកស បានបង្ហោះវីដេអូនៃប្រតិបត្តិការជួយសង្គ្រោះរបស់ក្រុមនេះ នៅទីតាំងទម្លាក់គ្រាប់បែក។
សាក្សី និងក្រុមអ្នកជួយសង្គ្រោះបាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារលើភូមិនានានៅតំបន់ភ្នំ Jabal al Zawya និងជាយក្រុង Idlib ភាគខាងលិច បានធ្លាក់នៅក្នុងតំបន់ទ្រនាប់ ដែលត្រូវបានកំណត់ដោយរុស្ស៊ី និងទួរគី ដោយបានបញ្ចប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំកាលពីជិត ៥ ឆ្នាំមុន។

ពុំមានការអត្ថាធិប្បាយភ្លាមៗទទួលបានពីរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងកងទ័ពស៊ីរី ដែលកាំភ្លើងធំបានបាញ់ផ្លោងលើក្រុមឧទ្ទាម ក្នុងអំឡុងពេលផ្ទុះឡើងការប្រយុទ្ធគ្នាកន្លងមក ដែលទីក្រុងដាម៉ាស និងរុស្ស៊ី បាននិយាយថា ពួកគេផ្តោតតែលើក្រុមបះបោរប៉ុណ្ណោះ ហើយបានបដិសេធការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិលនៅតំបន់ជនបទភាគខាងលិចទីក្រុងអាឡិបប៉ូ៕