កំពង់ឆ្នាំង ៖ រថយន្តដឹកកម្មករមួយគ្រឿង ដោយសារតែអ្នកបើកបរខ្វះ ការប្រុងប្រយ័ត្ន បានរអិលធ្លាក់ផ្លូវ រងរបួសកម្មការិនីចំនួន៤៦នាក់ ក្នុងនោះ ម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងនៅប្រមាណម៉ោង៦ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្ករម៉ាក HYU NDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5860 អ្នកបើកបរឈ្មោះ ឈឿន ឆុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្ងោកពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ( រត់គេចខ្លួនពីកន្លែងកើតហេតុ) ដោយបានបើកបរ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានរេចង្កូតធ្លាក់ផ្លូវទៅខាងឆ្វេង បណ្តាលឲ្យកម្មការិនីរោងចក្ររងរបួសចំនួន ៤៦នាក់ ក្នុងនោះ១នាក់ របួសធ្ងន់។
សមត្ថកិច្ច បានឲ្យដឹងទៀតថា មធ្យោបាយបង្ករត្រូវបានយកមករក្សាទុក្ខនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្វាយដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ ចំណែកកម្មការិនីម្នាក់ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសង្គ្រោះបន្ទាន់ ៕




