អូស្ត្រាលី៖ នាយករដ្ឋមន្ដ្រីលោក Anthony Albanese បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់កញ្ចប់ថវិកាថ្មីចំនួន ១១០ លានដុល្លារអូស្ត្រាលី (៧៣,៥៤ លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារប្រឆាំងការវាយលុករបស់រុស្ស៊ី។

កញ្ចប់ជំនួយនេះ រួមមានរថយន្តយោធាចំនួន ៧០ គ្រឿង ក្នុងនោះមានរថពាសដែក២៨គ្រឿង រថយន្តប្រតិបត្តិការពិសេស១៤គ្រឿង រថយន្តដឹកទំនិញធុនមធ្យម ២៨គ្រឿង និងរថយន្តសណ្តោង១៤គ្រឿង។ លោក Albanese បាននិយាយថា ប្រទេសអូស្ត្រាលី មិនផ្លាស់ប្តូរក្នុងការសម្រេចចិត្តរបស់យើងដើម្បីថ្កោលទោស និងប្រឆាំងសកម្មភាពរបស់រុស្ស៊ី និងដើម្បីជួយអ៊ុយក្រែនឱ្យទទួលបានជ័យជំនះនោះទេ។
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសអូស្ត្រាលី នឹងបន្ថែមពេលការមិនបង់ពន្ធសម្រាប់ទំនិញដែលនាំចូលពីអ៊ុយក្រែនសម្រាប់រយៈពេល ១២ ខែទៀត ដើម្បីគាំទ្រដល់ការស្តារឡើងវិញ និងឱកាសពាណិជ្ជកម្មរបស់ខ្លួន។
ការប្តេជ្ញាចិត្តបន្ថែមពេលនេះ បានបណ្តាលឲ្យការរួមចំណែកសរុបរបស់ប្រទេសអូស្ត្រាលីក្នុងការជួយដល់ប្រទេសអ៊ុយក្រែនឈានដល់ ៧៩០លានដុល្លារអូស្ត្រាលី រួមទាំងជំនួយយោធាចំនួន៦១០ លានដុល្លារអូស្ត្រាលី។

លោក Albanese បាននិយាយបន្ថែមថា កញ្ចប់ជំនួយថ្មីនេះ ត្រូវបានរៀបចំមុនពេលមានព័ត៌មានថា ទាហានស៊ីឈ្នួលរុស្ស៊ីបានចូលគ្រប់គ្រងទីក្រុង Rostov របស់រុស្ស៊ីក្នុងរយៈពេលខ្លីកាលពីថ្ងៃសៅរ៍ ជាបញ្ហាប្រឈមដ៏ធំបំផុតមួយចំពោះការកាន់អំណាចរបស់ប្រធានាធិបតី លោកVladimir Putin ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីឆ្នាំមុន៕