អាល្លឺម៉ង់៖ ក្រុមបាតុករប្រឆាំងសង្គ្រាមជាង ១.៥០០នាក់បានប្រមូលផ្តុំគ្នា និងបោះជំរំនៅជិតមូលដ្ឋានទ័ពអាកាស Ramstein (រ៉ាមស្តាញ) របស់សម្ព័ន្ធយោធាណាតូ ដើម្បីអំពាវនាវឱ្យមានសន្តិភាព និងទាមទារឱ្យយោធាសហរដ្ឋអាមេរិកដកថយចេញពីប្រទេសអាល្លឺម៉ង់។

ព្រឹត្តិការណ៍ដែលមានរយៈពេលចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២៥ ខែមិថុនា បានផ្តោតលើតួនាទីរបស់មូលដ្ឋាន Ramstein ក្នុងវិបត្តិនៅអ៊ុយក្រែន ដែលក្រុមអ្នកតវ៉ាជឿថាបានរួមចំណែកដល់ការកើនឡើងភាពតានតឹង។ លោក Schneider (ស្នាយឌើ) អ្នករៀបចំព្រឹត្តិការណ៍បាននិយាយថា ពិតណាស់ ពួកគេមានការជួបប្រជុំគ្នាម្តងក្នុងមួយខែ ខ្ញុំគិតថា ពួកគេមានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីមកពីទូទាំងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក ហើយពួកគេកំពុងរៀបចំផែនការពីរបៀបគាំទ្រប្រទេសអ៊ុយក្រែន។ ពេលនេះដោយមានការបញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន យើងគិតថាវាមានគ្រោះថ្នាក់ខ្លាំង។ មូលដ្ឋានទ័ពអាកាស Ramstein ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៥១។ ដោយដឹកនាំដោយសហរដ្ឋអាមេរិក មូលដ្ឋាននេះផ្តល់ការគាំទ្រជាសំខាន់សម្រាប់ប្រតិបត្តិការយោធារបស់សម្ព័ន្ធយោធាណាតូនៅអឺរ៉ុប និងអាហ្វ្រិក។

មូលដ្ឋានទ័ពអាកាសនេះក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនសញ្ញាយានដ្រូនទាំងអស់សម្រាប់សហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ សហរដ្ឋអាមេរិកបានបើកការវាយប្រហារចំនួន៤៧៣លើក នៅខាងក្រៅតំបន់សង្រ្គាមក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី ដែលភាគច្រើនជាការវាយប្រហារដោយយានដ្រូន បណ្តាលឱ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើន។ របាយការណ៍បានបង្ហាញថាជនស៊ីវិល ២៨ នាក់បានស្លាប់ជាមធ្យមនៅក្នុងការវាយប្រហារដោយយានដ្រូនមួយលើកៗ។ បច្ចុប្បន្នមានបុគ្គលិកយោធាប្រមាណ ១៥.០០០នាក់ និងបុគ្គលិកស៊ីវិល ៣០.០០០នាក់នៅមូលដ្ឋានទ័ពអាកាស។ មូលដ្ឋានទ័ពអាកាស Ramstein គឺជាមូលដ្ឋានទ័ពធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស។ វាត្រូវបានគេជឿថា មូលដ្ឋានទ័ពអាកាសនេះ មានក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ក្រុមបាតុករអាល្លឺម៉ង់មានការព្រួយបារម្ភថា នៅពេលមួយមួយ មូលដ្ឋានទ័ពអាកាសនឹងស្ថិតនៅក្រោមការវាយប្រហារ ដែលប្រជាជនក្នុងតំបន់នឹងត្រូវធ្លាក់ចូលទៅក្នុងទីជ្រៅនៃសង្គ្រាម៕