ព្រឹត្តិការណ៍កីឡាអូឡាំពិកអេឡិចត្រូនិច Olympic Esports ជាលើកដំបូងបានបញ្ចប់ដោយជោគជ័យនៅទឹកដី សិង្ហបុរីកាលពីថ្ងៃអាទិត្យម្សិលមិញ។
ព្រឹត្តិការណ៍កីឡាដែលជារៀបចំឡើងជាលើកដំបូងមួយនេះ មានអ្នកចូលរួមប្រមាណ ១៣០ នាក់មកពី ៦០ ប្រទេសជុំវិញពិភពលោក ចូលរួមការប្រកួតចំនួន ១០ វិញ្ញាសាកីឡាដែលរួមមាន បាញ់ធ្នូ បេស្បល អុក ជិះកង់ រាំ ប្រណាំងយានយន្ត ទូកក្តោង បាញ់កាំភ្លើង តេក្វាន់ដូ និងវាយកូនបាល់។
អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Ser Miang Ng បានហៅព្រឹត្តិការណ៍នេះថា ជាក្តីរំភើបសំរាប់គ្រប់គ្នាដែលបានចូលរួម ក្នុងការបើកទំព័រប្រវត្តិសាស្រ្តថ្មីនេះ។
គោលបំណងនៃការបង្កើតឡើង និងរៀបចំឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិកអេឡិចត្រូនិចនេះ គឺឆ្លើយទៅនឹងសន្ទុះនៃ ការកើនឡើងចំនួនអ្នកលេងកីឡាអេឡិចត្រូនិច និងប្រជាប្រិយកីឡាបែបនេះកាន់តែធំទៅៗជុំវិញពិភពលោក។
មួយវិញទៀតគឺដើម្បីអូឡាំពិកចង់ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាបច្ចេកវិទ្យាទំនើបដើម្បីបញ្ជ្រាប និងផ្សព្វផ្សាយចលនាអូឡាំពិក និងកីឡាទៅកាន់ស្រទាប់យុវជន។
សូមបញ្ជាក់ថា អត្តពលិកកីឡាអេឡិចត្រូនិចបារាំងទទួលបានជោគជ័យជាងគេក្នុងព្រឹត្តិការណ៍ដំបូងនេះដោយឈ្នះជើងឯក ៤ វិញ្ញាសាកីឡាក្នុងចំណោម ១០ រួមមាន កីឡារាំ ប្រណាំងយានយន្ត ទូកក្តោង និងវាយកូនបាល់ ខណៈម្ចាស់ផ្ទះសិង្ហបុរីឈ្នះវិញ្ញាសាតេក្វាន់ដូ៕ អត្ថបទ៖ នាង សុភាវុធ







