ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានបិទបញ្ចប់ការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋតាមខ្នងផ្ទះជាផ្លូវការ ខណៈក្រុមការងារបានចែកជូនបណ្ណនេះដល់ដៃប្រជាពលរដ្ឋបានចំនួនជាង ៨ លាននាក់។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនានេះថា ដំណើរការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតឈានដល់ថ្ងៃបិទបញ្ចប់នៃការចុះចែកដោយផ្ទាល់ជូនប្រជាពលរដ្ឋតាមឃុំ ភូមិ និងតាមខ្នងផ្ទះ ដែលមកទល់ពេលនេះការចែកជូនដល់ដៃប្រជាពលរដ្ឋបានចំនួនជាង ៨ លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាន ៧សែននាក់។
ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះប្រជាពលរដ្ឋអាចភ្ជាប់មក នាអំឡុងពេលអញ្ជើញទៅបោះឆ្នោត ដើម្បីកាន់តែងាយស្រួល និងឆាប់រហ័សដល់ការស្វែងរកឈ្មោះ និងការិយាល័យ ដែលពន្លឿនឲ្យការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋកាន់តែលឿនជាងមុន។
ឯកឧត្តមរម្លឹកដែរថា ក្នុងចំណោមឯកសារបម្រើការបោះឆ្នោត គឺមានតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយប៉ុណ្ណោះ ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋជួបបញ្ហាបាត់ ឬខូចអត្តសញ្ញាប័ណ្ណអាចស្នើឯកសារបញ្ជាក់អត្តសញ្ញាណពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតរបស់ខ្លួនពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ កក្កដា មុនមួយថ្ងៃនៃការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ខែក្រោមនេះ ៕អត្ថបទ សេក ឧត្តម




