ភ្នំពេញ៖ នៅថ្ងៃទី១ កក្កដាខាងមុខ គណបក្សនយោបាយនានាដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នឹងចាប់ផ្តើមការឃោសនារបស់ខ្លួននៅតាមបណ្តារាជធានី-ខេត្ត។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនានេះថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា បានត្រៀមលក្ខណៈសម្រាប់ការឃោសនាបោះឆ្នោតរួចរាល់ និងសមាជិក សាមជិកាចូលរួរាប់ម៉ឺននាក់នៅទូទាំងប្រទេស ក្រោយពិធីមិន្ទិញដែលរៀបចំដ៏ធំនៅរាជធានីភ្នំពេញ។
ឯកឧត្តមបន្តថា ក្នុងចំណោមទីតាំងទាំងអស់ គឺមានតែទីតាំងបរិវេណមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្យ ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះដែលរៀបចំធំជាងគេ និងមានសមាជិក សមាជិកាចូលរួមចន្លោះពី ៥ទៅ៦ម៉ឺននាក់។
ចំណែក លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា គណបក្សរបស់ខ្លួននឹងចាប់ផ្តើមការឃោសនានៅថ្ងៃទី២ កក្កដា តាមដងវិថីសំខាន់ៗក្នុងរាជធានីឲ្យស្របតាមតាមការណែនាំរបស់ គ.ជ.ប និងអាជ្ញាធរ។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល២១ថ្ងៃ ពីថ្ងៃទី១ កក្កដា ដល់ថ្ងៃទី២១ ខែកក្កដា និងមានគណបក្សនយោបាយចំនួន១៨ នឹងចូលរួមការឃោសនាបោះឆ្នោតរកសំឡេងគាំទ្រពីប្រជាពលរដ្ឋ ខណៈអំឡុងការឃោសនាបោះឆ្នោតនេះ គ.ជ.ប អនុញ្ញាតការជួបជុំ ឬហែក្បួនទ្រង់ទ្រាយធំ ចំនួន៤ដងតែប៉ុណ្ណោះ៕អត្ថបទ សេក ឧត្តម



