អាមេរិក៖ យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ព្យុះកួចដ៏ខ្លាំងក្លា បានបោកបក់កម្ទេចអគារជាច្រើនខ្នងនៅរដ្ឋ Indiana សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ ស្របពេលដែលព្យុះភ្លៀង បំផ្លិចបំផ្លាញស្រុកជាច្រើននៅតំបន់ភាគខាងត្បូងនៃទីក្រុង Indianapolis បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងមនុស្សម្នាក់ផ្សេងទៀត រងរបួស
រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមថតបានរូបភាពដ៏គួររន្ធត់ ពេលដែលព្យុះកួច បោកបក់ឆ្លងកាត់ទីក្រុង Greenwoodស្ថិតក្នុងស្រុក Johnson ដោយកួចកម្ទេចកម្ទីឡើងលើអាកាស ។
លោក Duane E. Burgess គឺជាតម្រួតស្រុក Johnson បញ្ជាប់ពីការខូចខាតទ្រង់ទ្រាយធំនៅតំបន់ជិតខាង និងផ្ទះសម្បែងប្រជាពលរដ្ឋ ។ លោកបានអំពាវនាវដល់សាធារណជន ពុំត្រូវធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់នោះទេ ស្របពេលដែលការបិទផ្លូវជាច្រើនខ្សែ បានចូលជាធរមានរួចទៅហើយ ។
ពុំទាន់មានការវាយតម្លៃពេញលេញការខូចខាត និងគ្រោះថ្នាក់នៅឡើយទេនៅស្រុក Johnson ប៉ុន្តែក្រុមមន្រ្តីបានបញ្ជាក់ថា មនុស្សម្នាក់ បានស្លាប់ នៅស្រុក Martin ដោយសារព្យុះនេះ ខណៈដែលសេវាកម្មឧតុនិយមជាតិ បន្តឃ្លាំមើលព្យុះកួច នៅក្នុងរដ្ឋរហូតដល់ល្ងាចថ្ងៃអាទិត្យ ៕




